អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទណែនាំដល់បេក្ខជន-បេក្ខនារីដែលចូលរួមប្រឡងដើម្បីបានបម្រើការងារជាកម្លាំងទ័ពត្រូវមានភាពក្លាហាន ប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព ចៀសវាងពឹងឪពុកម្តាយឲ្យជួយ។​

ក្នុងឱកាសនៃការថ្លែងបើកពិធីប្រឡងជ្រើសរើសកងទ័ពកាលពីថ្ងៃអាទិត្យម្សិលមិញនៅវិទ្យាល័យបាក់ទូកក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត ណែនាំឲ្យអ្នកចូលរួមប្រឡងខិតខំប្រើប្រាស់សមត្ថភាពពិតមិនត្រូវប្រើប្រាស់វិធីសាស្ត្រផ្សេងដើម្បីបានជាប់ដោយមិនប្រឡងនោះទេ។​

លោក ហ៊ុន ម៉ាណែត៖ «យើងចង់ប្រឡងជានាយទាហាន យើងជាយុវជនជំនាន់ថ្មីរបស់ជាតិរបស់យើង ចឹងខ្លាចអីក្នុងការប្រកួតដោយស្មើភាពគ្នាមែនអត់? ចឹងមិនបាច់ទៅរកឪម៉ែ ទៅរកពូមីងអីទេ។ អូខេ! ចាំយកលទ្ធផលថ្ងៃហ្នឹងទៅប្រាប់ពួកគាត់ម៉ងទៅ។»

លោក ហ៊ុន ម៉ាណែត ក៏បានណែននាំដល់គណៈកម្មការជ្រើសរើសត្រូវប្រកាន់ភ្ជាប់នូវគោលការតម្លាភាព និងយុត្តិធម៌ ដើម្បីឲ្យអ្នកដែលប្រឡងជាប់មានសមត្ថភាពពិត ចំណែកអ្នកដែលមិនទាន់ជាប់មានអារម្មណ៍ថា អស់ចិត្ត។​

លោក ហ៊ុន ម៉ាណែត៖ «ចំពោះភារកិច្ចរបស់អនុគណៈកម្មការប្រឡង និងគណៈកម្មការរបស់យើងគឺថា ធ្វើម៉េចឲ្យការជ្រើសរើសនាយទាហានរបស់យើងប្រព្រឹត្តទៅដោយត្រឹមត្រូវនិងយុត្តិធម៌។​»

មុខវិជ្ជាសម្រាប់ការប្រឡងនេះមាន៦រួមាន ពលរដ្ឋវិជ្ជា-សីលធម៌  ប្រវត្តិវិទ្យា​ ភូមាវិទ្យា គីមីវិទ្យា គណិតវិទ្យា និងរូបវិទ្យា។

តាមរបាយការណ៍លើកឡើងដោយលោក ហ៊ុន​ ម៉ាណែត គឺបេក្ខជន-បេក្ខនារីដាក់ពាក្យប្រឡងក្នុងឆ្នាំ២០១៧មានចំនួន៤០០០នាក់ នៅឆ្នាំ២០១៨មានចំនួន៧០០០នាក់ និងឆ្នាំ២០១៩មានចំនួន៨០០០នាក់។​

ប្រភពព័ត៌មាន៖ VOD

ប្រភពរូបភាព៖ ហ្វេសប៊ុកផេក Hun Manet