ភ្នំពេញៈ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​សម្ដែង​មតិ​រិះគន់​ចំពោះ​អ្នក​បើក​បរ​កង់ ៣ ឥណ្ឌា​មួយ​ចំនួន​មិន​គោរព​គំនូស​ច្បាប់​ចរាចរណ៍ បង្ក​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​នៅ​លើ​ដង​ផ្លូវ ខណៈ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺជា​ការ​ព្រួយ​បារម្ភ​ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​នាពេល​បច្ចុប្បន្ន។

លោក ណៃ ស៊ីថា ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​សង្កាត់ បឹងទំពុន ខណ្ឌ​មានជ័យ បាន​អះអាង​ថា ចំពោះ​ផល​លំបាក​ដែល​គាត់​តែង​ជួប​ប្រទះ​ពេល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ ពិសេស​ពេល​ម៉ោង​ត្រូវ​ចេញ​ទៅ​ធ្វើ​ការងារ និង​ត្រឡប់​មក​ពី​ធ្វើការ​ងារ​វិញ ថា​មាន​បញ្ហា​កកស្ទះ និង​ការ​ប៉ះពារ​ជា​ញឹកញាប់ ដែល​បណ្ដាល​មក​ពី​អ្នក​រត់​កង់ ៣ ឥណ្ឌា​បើកបរ​មិន​គោរព​អ្នក​ដទៃ និង​បើកបរ​វ៉ា​ជែង​មិន​មាន​កំណត់​ផ្លូវ​ច្បាស់​លាស់​នោះ​ទេ។

លោក​បាន​ថ្លែងថា៖ «ខ្ញុំ​បាន​ជួបប្រទះ​ច្រើន​ហើយ​ចំពោះ​ក្រុម​អ្នករត់​កង់ ៣ ឥណ្ឌា​ហ្នឹង កាល​ពី​មុន​មាន​កង់ ៣ ខ្មែរ​យើង​ខ្លះ​ដែរ​ប៉ុន្ដែ​ឥឡូវ​បើកបរ​មិន​គោរព​ច្បាប់​ខ្លាំង គឺ​កង់ ៣ ឥណ្ឌា​ហ្នឹង​តែម្ដ​ង។ ពួកគាត់​បើកបរ​មិន​គោរព​អ្នក​ដទៃ​ទេ ហើយ​បើកបរ​ជែង​គេ​ឯង​គ្រប់​ផ្លូវ គាត់​បើក​មិន​ដឹង​គន្លង​ផ្លូវ​ឡាន ឬ​គន្លង​ផ្លូវ​ម៉ូតូ​ទេ»។

លោក ស៊ីថា ថ្លែងថា អ្នករត់កង់ ៣ ឥណ្ឌា​ហ្នឹង មិនដឹង​ជា​ពួក​គាត់​បាន​ដឹង​ពី​ច្បាប់ ឬក៏​មា​នការ​ណែនាំ​ពី​ការ​បើកបរ​ឬក៏​អត់​ទេ។ ឃើញ​ពួកគាត់​ឥឡូវ​មក​រត់​កង់ ៣ ឥណ្ឌា​ហ្នឹង​ច្រើន​ឡើងៗ ហើយ​ពេល​បើកបរ ដូចជា​គ្មាន​ការ​គោរព​ច្បាប់​សោះ​ដឹង​តែ​ពី​បើក​វ៉ា​ជែង​ឲ្យ​តែ​គាត់​បាន​ទៅ​មុន​មិន​គិត​ចំពោះ​ការ​កក​ស្ទះ​អី​ទេ។

លោក នូវ ចិ​ត្រា ប្រជា​ពលរដ្ឋ​មួយរូប​រស់នៅ​ម្ដុំ​សាលា​រៀន North bridge school cambodia បាន​លើក​ឡើង​ដែរ​ថា កាល​ពី​មុន​មាន​ក្រុម​កង់ ៣ ខ្មែរ តែ​មិន​សូវ​បង្ក​បញ្ហា​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្ដែ​ឥឡូវ​មាន​កង់ ៣ ឥណ្ឌា​វិញ គឺ​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ចរាចរណ៍​រឹតតែ​ខ្លាំង​នៅ​លើ​ដង​ផ្លូវ ព្រោះ​អ្នក​រត់​កង់ ៣ ឥណ្ឌា បើកបរ​ប្រជែង​ខ្លាំង​នៅ​លើ​ដង​ផ្លូវ​ដូចជា​មិន​មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់​សោះ។

លោក​បន្ដថា៖ «ក្រុម​អ្នករត់​កង់ ៣ ឥណ្ឌា​កើនឡើង​ច្រើនណាស់​សព្វថ្ងៃនេះ ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​តំបន់​ណា​ក៏​ឃើញ​មាន​អ្នក​រត់​កង់ ៣ ឥណ្ឌា​នេះ​ដែរ ហើយ​ភាគ​ច្រើន​គឺ​បើកបរ​មិន​សូវ​មាន​សុជីវ​ធម៌​ទេ គឺ​ប្រញាប់​ឲ្យ​តែ​បាន​ទៅ​មុន​គេ។ ខ្ញុំ​ចង់​ឲ្យ អាជ្ញាធរ​គ្រប់គ្រង​ឲ្យ​បាន​តឹង​រ៊ឹង​ចំពោះ​ក្រុម​គាត់​កុំ​ឲ្យ​ពួកគាត់​បើកបរ​សេរី​បែបនេះ​អាច​បង្ក​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ច្រើន​នៅ​ពេល​បើកបរ ពិសេស​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​អ្នក​បើកបរ​ម៉ូតូ»។

លោក​បន្ថែមថា កាល​មុន​មាន​ក្រុម​កង់ ៣ ខ្មែរ​ដែល​បាន​បង្កើត​បក្ខពួក ឥឡូវ​ដល់​កង់ ៣ ឥណ្ឌា​ម្ដង រញ៉េរញ៉ៃ​ជាង​មុន​ទៀត។

លោក គឹម បញ្ញា នាយក​អង្គការបង្ការ​របួស​អាស៊ី (AIP) បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ក្រុម​អ្នករត់​កង់ ៣ ទាំង​ប្រភេទ​កង់ ៣ បែប​ខ្មែរ និង​កង់ ៣ ឥណ្ឌា​បាន​គោរព​ច្បាប់​បានល្អ ប៉ុន្ដែ​នៅ​មាន​មួយ​ចំនួ​នទៀត​មិន​ទាន់​គោរព​បាន​ល្អ​ទេ ដោយ​មិន​ពាក់​មួក​សុវត្ថិភាព និង​បើក​ជែង​លើ​ដង​ផ្លូវ។

លោក​បាន​បន្ដថា ៖«បញ្ហា​ហ្នឹង​គឺ​ប្រភេទ​កង់ ៣ ឥណ្ឌា​ថ្មី​នេះ ក្រៅពី​មួយចំនួន​ដែល​គាត់​ចូ-រួម​គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ​នោះ មួយ​ចំនួន​ទៀត​ពួកគាត់​ហាក់​ដូចជា​មាន​ឥរិយាបថ​បើកបរ​ដោយ​មាន​ភាព​ប្រញាប់​ប្រញាល់ បើកបរ​ដោយ​បង្ខំ ដោយ​បើកបរ​ដោយ​ប្រជ្រៀត​ឆ្វេង​ប្រជ្រៀត​ស្ដាំ​ដែល​ឥរិយាបថ​បែប​នេះ វា​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​កក​ស្ទះ​ចរាចរណ៍»។

លោក​បន្ថែមថា៖ «ខ្ញុំ​គិតថា ជាដំបូង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​មាន​វិធាន​ការ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់ (អ្នក​រត់​កង់ ៣ ឥណ្ឌា) ឲ្យ​គាត់​យល់​ពី​ច្បាប់​ចរាចរណ៍។ មួយ​ទៀត​ក្រៅ​ពី​ឲ្យ​ពួក​គាត់​យល់ យើង​គួរតែ​រៀបចំ​ឲ្យ​មាន​ឯក​សណ្ឋាន រៀបចំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ច្បាស់​លាស់ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បើក​វគ្គ​អប់រំ​ដល់​ពួក​គាត់​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន»។

លោក លុយ ឈី​ន ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ដែរ​ថា បច្ចុប្បន្ន​ក្រោយ​ពី​កាត់​បន្ថយ​កំណើន​កង់ ៣ ខ្មែរ ប៉ុន្ដែ​មាន​ការ​កើន​ឡើង​នូវ​ប្រភេទ​កង់ ៣ ឥណ្ឌា និង​ដោយ​ប្រភេទ​កង់ ៣ នេះ​ទើប​តែ​កើត​មាន​នៅ​មិន​ទាន់​មាន​ការ​គ្រប់គ្រង​បាន​ដិត​ដល់ ដែល​នាំ​ឲ្យ​ប្រកប​របរ​រត់​កង់ ៣ នេះ បើកបរ​ជែង​គ្រប់​ច្រក​ល្ហក និង​នាំ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

លោក​បាន​បន្ដថា៖ «ប្រភេទ​កង់ ៣ នេះ​យើង​សង្កេតឃើញថា ការបើកបរ​របស់​ពួក​គាត់​ឲ្យ​តែ​ពួក​គាត់​ស្ទះ​នៅ​កន្លែង​ណា គាត់​បើកបរ​ជែង​ទៅ​កន្លែង​ផ្សេង​ទៀត ដែល​ករណី​នេះ បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​របស់​យើង​កាន់​តែ​មាន​ការ​ចង្អៀត​ថែម​ទៀត។ កង់ ៣ ឥណ្ឌា​នេះ វា​ជា​ចរន្ដ​ថ្មី ពេល​ដែល​កង់ ៣ នេះ​ចូល​មក​ដល់​ច្បាប់​យើង​បាន​ចេញ​រួច​ហើយ អ៊ីចឹង​វា​ចូលមក​ក្រោយ​យើង​ក៏មាន​ការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ដែរ ប៉ុន្ដែ​បើ​តាម​ខ្ញុំ​អ្នក​បើក​បរ​កង់ ៣ ឥណ្ឌា​នេះ គួរតែ​បើកបរ​នៅ​លើ​គន្លង​ផ្លូវ​រថយន្ដ តែ​កុំ​បើកបរ​ជែង​គេ​ពេក ត្រូវ​បើក​ឲ្យ​ត្រង់​ជួរ​នឹង​គេ​ទៅ»។

លោក ឆ​ង សុ​វិ​រៈ ប្រជា​ពលរដ្ឋ​ប្រកប​របរ​រត់​កង់ ៣ មួយរូប​នៅ​តំបន់​មុខ​វត្ដ​បទុម​វត្ដី បាន​ឲ្យ​ដឹង​ថា ពួកគាត់​ក៏មាន​ការ​លំបាក​ដែរ​ក្នុង​ការ​បើកបរ ព្រោះ​ភ្ញៀវ​ទាមទារ​ឲ្យ​ពួក​គាត់​ទៅ​ដល់​លឿន ទើប​ពួកគាត់​បើកបរ​ជែង មាន​ល្បឿន​លឿន​បែប​នេះ​ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ​ដែល​បាន​ហៅ​គាត់។

លោក​បន្ដថា៖ «ពួក​ខ្ញុំ​ក៏​លំបាក​ដែរ ព្រោះ​ពេល​ភ្ញៀវ​ហៅ​ពួក​ខ្ញុំ គឺ​ត្រូវ​ទៅ​ឲ្យ​លឿន​ដល់​ទី​តាំង​ភ្ញៀវ បើ​ខ្ញុំ​ទៅ​យឺត​ភ្ញៀវ​នឹង​ផ្ដាច់​ទំនាក់​ទំនង​ការ​កក់​ហៅ​របស់​គេ​ចោល អ៊ីចឹង​មាន​តែ​ខ្ញុំ​អត់​មាន​ម៉ូយ ហើយ​ឥឡូវ​មាន​គេ​រកស៊ី​រត់​កង់ ៣ ហ្នឹង​ច្រើន បើ​យើង​ទៅ​មិន​លឿន​ដល់​ភ្ញៀវ​គឺ​រក​លុយ​មិន​បាន​ទេ»។

ខណៈ​លោក​កែវ ភា អ្នករត់កង់ ៣ ខ្មែរ នៅ​ម្ដុំ​ផ្សារ​អ៊ីអន បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា៖ «យើង​ចេះ​តែ​ខ្លាច​មាន​បញ្ហា​ដែរ​ពេល​ឃើញ​ពួកគាត់​មាន​ការ​បើកបរ​ក្នុង​ល្បឿន​លឿន​បែប​នេះ ប៉ុន្ដែ​ពួកគាត់​ចង់​បាន​លុយ​ព្រោះ​អ្នក​រក​ស៊ី​រត់​កង់ ៣ ឥណ្ឌា ដូច​ពួកគាត់​ច្រើន អ៊ីចឹង​រកស៊ី​របរ​នេះ ទាល់​តែ​ជែង​គ្នា ហើយ​បើ​កង់ ៣ ខ្មែរ​មិន​សូវ​បើក​លឿន​ទេ​ព្រោះ​ជា​ប្រភេទ​សណ្ដោង»។

លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ឲ្យ​ដឹងថា​ ក្នុង​ឆ្នាំ ២០១៩ នេះ កំណើន​កង់ ៣ ឥណ្ឌា​បាន​កើន​ឡើង​រហូត​ដល់ ៣៥០០០ គ្រឿង ខណៈ​មាន​កង់ ៣ ឥណ្ឌា​តែ​ជាង ៤០០០ គ្រឿង​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​របស់​សមាគម​របស់​លោក។

លោក វ៉ន ពៅ ថ្លែងបន្ដថា៖ «យើង​ក៏​តែងតែ​ទទួល​បានការ​រអ៊ូរ​ទាំ​ចំពោះ​ការ​បើកបរ​របស់​បង​ប្អូន​រត់​កង់ ៣ ឥណ្ឌា​នេះ​ដែរ ចំពោះ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​មាន​ក្រម​សីលធម៌។ អ៊ីចឹង​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៩ នេះ យើង​មាន​ផែនការ​បង្រៀន​អំពី​ក្រម​សីលធម៌ និង​ច្បាប់​ចរាចរណ៍​ជូន​បងប្អូន​រត់​កង់ ៣ ទាំង​អស់​ដែល​ជា​សមាជិក​របស់​យើង ដើម្បី​កុំ​ឲ្យ​គាត់​បើកបរ​ច្រងេង​ច្រងាង​អ៊ីចឹង»៕

ប្រភព៖ www.postkhmer.com