(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យដែលឆេះស្ថានីយ៍ចែកចាយប្រេងមួយកន្លែង នៅម្ដុំផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បន្ទាប់កម្លាំងសមត្ថកិច្ចប្រើពេលប្រមាណ៣០នាទី ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។
សេចក្ដីរាយការណ៍ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចអគ្គីភ័យបញ្ជាក់ថា ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលមកពីរថយន្ដដឹងសាំង ដែលមានចំណុះ៦,០០០លីត្រ មកបូមសាំងចូលស្ថានីយ៍ហើយមិនបានពន្លត់ម៉ាស៊ីន ទើបឆ្លងចរន្ដអគ្គិសនីបង្កចេញជាអណ្ដាតភ្លើងឆាបឆេះតែម្ដង។ ដោយឡែកទីតាំងនេះមានម្ចាស់ឈ្មោះ ស្រី វត្ថា ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បន្ថែមថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ សមត្ថកិច្ចបានបញ្ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន២១គ្រឿងដើម្បីអន្ដរាគមន៍ ក្នុងនោះ ឡានទឹកមកពីក្រុងជ្រោយចង្វារ៦គ្រឿង (បាញ់ទឹកសាប៊ូ២គ្រឿង), ក្រុងកោះពេជ្រ២គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១៣គ្រឿង ប៉ុន្ដែប្រើប្រាស់អស់ត្រឹមតែ១០គ្រឿងប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ខណៈដែលផលខូចខាត មិនទាន់ត្រូវបានសមត្ថកិច្ច ឬម្ចាស់ទីតាំងបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការបូកសរុប និងស្រាវជ្រាវបន្ដទៀត ៕