ថៃ៖ នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានណែនាំកុំឲ្យប្រជាពលរដ្ឋចេញដើរ ដោយសារខ្យល់ក្នុងបរិយាកាសមានសារធាតុកខ្វក់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ហើយស្ថានភាពនេះអាចអូសបន្លាយរយៈពេលពីរបីថ្ងៃជាប់គ្នា។ បើតាមសម្តីរបស់លោក Thalerngsak Phetsuwan អគ្គនាយករងនៃនាយកដ្ឋានបាននិយាយថា អ្នកដែលរស់នៅក្នុងបាងកកគួរជៀសវាងការចេញមកខាងក្រៅ ឬពាក់ម៉ាស់ប្រភេទ N95 ដើម្បីការពារ។ លោកបានដាក់បន្ទោសការផ្លាស់ប្តូរពីអាកាសធាតុត្រជាក់ខ្លាំង ទៅជាសីតុណ្ហភាពក្តៅខ្លាំង ដែលបណ្តាលឱ្យខ្យល់អាកាសមិនល្អ។

ខ្យល់អាក្រក់នោះនឹងធ្វើឱ្យខ្យល់មានពណ៌ត្នោត ហើយវាបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនៅតំបន់ចំនួន ២០ និងជុំវិញទីក្រុងបាងកក។ ស្ថានីយ៍ឃ្លាំមើលគុណភាពខ្យល់បានបញ្ជាក់ថា ខ្យល់អាក្រក់នេះបានវាយលុកលើសពីស្តង់ដារសុវត្ថិភាពថៃ ដែលអាចទទួលយកបានត្រឹមតែ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg / m³) នៅតាមកន្លែងខ្លះ ហើយវាមិនអាចទទួលយកបានលើស ៩០មីក្រូក្រាមក្នុងមួយម៉ែត្រគូប μg / m³ នោះទេ។ តំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួមមាន៖ ផ្លូវ Kanchanaphisek ក្នុងសង្កាត់ Bang Khunthian, ផ្លូវ Intharaphithak ក្នុង Thon Buri និងផ្លូវ Lat Phrao ក្នុងស្រុក Wang Thonglang ។

ការប៉ះពាល់ទៅនឹងធាតុពុលក្នុងបរិយាកាស ត្រូវបានគេរកឃើញថា អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាពកម្រិតស្រាលដល់ ភ្នែក, ច្រមុះ បំពង់ក និងរលាកទ្រូង ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពកម្រិតធ្ងន់ដូចជា៖ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូងជាដើម។ អ្នកដែលអាចងាយទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងររួមមានកុមារ មនុស្សចាស់ ស្ដ្រីមានផ្ទៃពោះ និងអ្នកដែលមានភាពខ្សោយ។ PCD បាននិយាយថា នាយកដ្ឋាន កំពុងធ្វើការជាមួយរដ្ឋបាលក្រុងបាងកកដើម្បីឱ្យមានវិធានការតឹងរ៉ឹងជាងមុន ដែលនឹងអាចជួយដោះស្រាយការបំពុលបរិស្ថានរួមទាំង ការសម្អាតផ្លូវ និងប្រើប្រាស់កាំភ្លើងពិសេសដើម្បីបាញ់ទឹកទៅក្នុងខ្យល់៕