ភ្នំពេញ៖ ចិន២នាក់ ស្រវឹងស្រាបើករថយន្ត HUMMERទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលបាក់អស់២កង់ ចំណែករថយន្តរួញមួយកំណាត់មុខទៅមុខលែងរួច ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើររងរបួសបែកមុខមាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


ប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់ ទំនងជាស្រវឹងស្រា បានបើកមួយគ្រឿងម៉ាក HUMMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1555 តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យវៀចអស់២កង់។ ចំណែករថយន្តរួញមួយកំណាត់មុខទៅមុខលែងរួច។ ក្រោយមកបុរសជនជាតិចិនទាំង២នាក់ មិនបានទៅណានោះទេបានដេកនៅក្នុងរថយន្ត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕