សង្គ្រាមពាក្យសម្ដីរវាង បុរសសង្ហា តាន់ គឹមសួរ ដែលមានអ្នកគាំទ្រច្រើនជុំវិញបញ្ហារសង្គម និង លោកឧកញ៉ាលុយចាយមិនខ្វះ លោក សុខ លីម កំពុងតែធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្ឦាំង ជាពិសេស អ្វីដែលលោក តាន់ គឺមសួរ បានសួរទៅលោក សុខ លីម ស្ទើរជារៀងរាល់ថ្ងៃ អំពីសន្យាលុយ ៣មុឺនដុល្លារ ដែលលោក ឧកញ៉ារូបនេះ ហាក់គេចវ៉េសពីការសន្យាររបស់ខ្លួន។

សង្គ្រាមពាក្យសម្ដីកាន់តែក្ដៅឡើងជាងរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃ ទី ២១ ខែតុលា លោកឧកញ៉ាសម្បូរលុយចាយមិនខ្វះបានប្រើពាក្យហៅឈ្មោះ តាន់ គឹមសួរថា ” អាឋាន កែមសួរ” ក្នុងអត្ថន័យប្រមាឌមើលងាយ ដោយលោក សុខ លីម បានសរសេររិះគន់ នៅក្នុងហ្វេសប៊ូកលោកថា ” អាឋាន កែមសួ អានហើយមើលឲ្យជាក់ ហើយខ្ញុំក៏សូមជម្រាបដល់បងប្អូនសារព័ត៌មានមេត្តាចូលមើលខ្លឹមសារឲ្យច្បាស់មុននឹងចុះផ្សាយបង្ខូចឈ្មោះបុគ្គលណាមួយព្រោះវាអាចធ្វើឲ្យបាត់បង់តម្លៃ និងការគាំទ្រពីអ្នកអានរបស់ខ្លួនក៏ដូចជាសារព័ត៌មានល្អៗដទៃទៀត នៅពេលយើងចុះផ្សាយខុសក្រមសីលធម៌វិជ្ជាជីវៈបែបនេះ ៕”

ពាក្យសម្ដីរបស់លោក សុខ លីម បានធ្វើអោយ លោក តាន់ គឹមសួរក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយក៏បានប្រតិកម្មតបទៅវិញភ្លាមៗ ដែលដោយ លោក តាន់ គឹមសួរ បានហៅឈ្មោះ លោក សុខ លីម ថា ” អាបីម៉ឺន” គឺសម្ដៅទៅលុយបីម៉ឺនដែលលោកឧកញ៉ា និយាយហើយតែមិនហ៊ានធ្វើ។ លោក តាន់ គឹមសួរបានសរសេរក្នុង ហ្វេសប៊ូកផេករបស់លោកថា” អា៣ម៉ឺន អានហើយមើលឲ្យជាក់។ ឈប់បន្តថោកទៀតទៅ អោយឬមិនអោយប្រាប់គេមួយម៉ាត់ទៅ។ សូមចែករំលែកអោយអា៣ម៉ឺនបានឃើញផង។”

ជាមួយរូបថតមួយសន្លឹកដោយបានសរសេរ caption នៅលើរូបថតនោះថា ” សុខ លីម សុខចិត្តអោយប្រជាជនដៀលថាថោកដោយសារលុយ ៣ម៉ឺនដុល្លារ?”

ងាកមកមើលមហាជនដែលតាមដានរឿងរ៉ាងរបស់អ្នកទាំងពីរវិញយើងសង្កេតឃើញថា លោក តាន់ គឹមសួរទទួលបានការគាំទ្រច្រើនជាងលោកឧកញ៉ា សុខ លីម ដោយភាគច្រើនចង់អោយលោក សុខ លីមគោរពតាមការសន្យារបស់ខ្លួន ព្រោះបើលោក សុខ លីម មិនអាចគោរពតាមការសន្យារបស់ខ្លួននោះក៏ដូចជាការប្រមាឌមនុស្សរាប់មុឺននាក់ដែលបានដឹងឮរឿងលុយ៣មុឺនដុល្លារនេះដែរ។

ទោះជាយ៉ាងណាក៏ដោយ ទាំង លោក តាន់ គឹមសួរ និង លោក ឧកញ៉ា សុខ លីម សុទ្ធតែចង់ឃើញបរិស្ថានស្រស់ស្អាត សង្គមមានការរីកចំរើនដូចគ្នា ដូច្នេះ អ្នកទាំងពីរគួរជួបគ្នារកពេលនិយាយពីភាពជាក់លាក់មួយ ជាជាងការវាយបកគ្នាទៅវិញទៅមកតាមបណ្ដាញសង្គម។