ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញមួយចំនួនបានដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចូលមកចែកចាយតាមដេប៉ូក្នុងខេត្តត្បូងឃ្មុំ យ៉ាងរលូនហើយឈ្មួញខ្លះដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅខេត្តព្រៃវែង និងខេត្តស្វាយរៀង យ៉ាងរលូន។
ការដែលឈ្មួញអាចដឹកជញ្ជូនឈើចូលមកចែកចាយតាមដេប៉ូក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុកគឺដោយសារឈ្មួញទាំងនោះបង់លុយតាមការកំណត់របស់លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ព្រមទាំងបក្ខពួក។
ប្រសិនបើឈ្មួញណាមិនបង់លុយតាមការកំណត់របស់លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ទេនោះត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន ប៉ុន្តែគេមិនឃាត់ខ្លួនឈ្មួញម្ចាស់ឈើដើម្បីចាត់ការតាមនីតិវិធីនោះទេ។
កាលពីរសៀលថ្ងៃទី១៦ ខែតុលា កន្លងទៅថ្មីៗនេះមន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានឃាត់រថយន្តកែច្នៃមួយគ្រឿងដឹកឈើប្រមាណ៧ម៉ែត្រគូបដែលគ្មានច្បាប់អនុញ្ញាតនៅចំណុចផ្លូវជាតិលេខ៧ ក្នុងភូមិទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា រថយន្តកែច្នៃដឹកឈើប្រភេទលេខ២ បានដឹកឈើចេញពីទីតាំងស្តុកឈើមួយកន្លែងដែលមានម្ចាស់ឈ្មោះ សាយ ម៉េងឡាយ ដែលជាមន្ត្រីអាវុធហត្ថខេត្តកំពង់ចាម ហើយដឹកឆ្ពោះទៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
ពេលរថយន្តកែច្នៃដឹកឈើទៅដល់ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ក៏ខូចទៅមុខលែងរួចទើបឈប់ជួសជុលហើយដោយឃើញរថយន្តដឹកឈើនោះច្រងេងច្រងាងពេញផ្លូវទើសភ្នែកមហាជន ទើបមន្ត្រីរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ឃាត់រថយន្តដឹកឈើនោះទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីវិធី។
ប្រភពពីប្រជាពលរដ្ឋរស់នៅឃុំទន្លេបិទ ក៏ដូចជាបណ្ដាឃុំនានាក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញច្រើននាក់នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវកៅស៊ូ ផ្លូវបេតុងនិងផ្លូវលំ ក្នុងមូលដ្ឋានពួកគាត់យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់ថ្ងៃឈ្មួញដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង រថយន្តកូរ៉េ និងរថយន្តកែច្នៃ ឆ្លងកាត់ទឹកដីស្រុកត្បូងឃ្មុំ យ៉ាងរលូនហើយទើបតែកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបរថយន្តកែច្នៃដឹកឈើប្រមាណ៧ម៉ែត្រូគូបនៅចំណុចឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ។
បើតាមប្រភពខ្លះបានបង្ហើបឲ្យដឹងថា ប្រហែលម្ចាស់រថយន្តកែច្នៃរថយន្តដឹកឈើនោះចង់គេចវេះមិនបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើទើបត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃតែម្តង ក្នុងខណៈដែលបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់ស្រុកត្បូងឃ្មុំ កំពុងកើតឡើងយ៉ាងរាលដាល៕
ប្រភព៖ មនសិការខ្មែរ