ភ្នំពេញ៖ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ពាក់ព័ន្ធក្នុងករណីគម្រាមកំហែង យកកិត្តិនាម របស់ភរិយាសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ទៅបង្ខំលោកមេឃុំ បិតត្រាំង ឈ្មោះ មាច ចាន់ អោយចុះហត្ថលេខា លើពាក្យស្នើសុំចុះបញ្ជីដី។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

ជនសង្ស័យមានឈ្មោះ ម៉ើង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅក្រុមទី១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុឃាត់ខ្លួន នៅចំណុចក្នុងភោជនីយដ្ឋានតាឪ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមចម្លើយសារភាព ឈ្មោះ ម៉ើង លីដា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរត់ការធ្វើពាក្យ ស្នើរសុំចុះបញ្ជីក្បាលដី ចំនួន១០០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយយកពាក្យស្នើសុំសិទ្ធិកាន់កាប់ដី ដែលមានឈ្មោះ ញ៉ែម សាខន ជាលោកស្រីសម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ដោយពុំទាន់មានស្នាមមេដៃ លោកស្រី ញ៉ែម សាខន អោយលោកមេឃុំបិតត្រាំង ចុះហត្ថលេខានិងប្រថាប់ត្រា លើពាក្យស្នើសុំសិទ្ធិកាន់កាប់លើ ទំហំដីខាងលើប្រាកដមែន។

បច្ចុប្បន្នការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជួន ជនសង្ស័យខាងលើ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់៕