ប្រភពពីមន្ត្រីនៅក្នុងអង្គភាពសាខាកាំកុងត្រូល ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកសំឡូត ស្រុកសំពៅលូន និងស្រុកកំរៀង ខេត្តបាត់ដំបង នៅតែមានឈ្មួញនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមី ពីទឹកដីសៀមចូលទឹកដីខ្មែររាប់សិបតោនក្នុងមួយថ្ងៃៗ។ ប្រភពបានឲ្យដឹងទៀតថា ការដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទាំងនោះហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងគោ ខូចគុណភាពនិងប្រហិតដែលមានលាយសារធាតុគីមី ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង ផងដែរ។ ទន្ទឹមនឹងនេះលោក ហាក់ សុខរិន បែរជាមានជំនាញខាងបិទបាំងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទមដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។
មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង មួយចំនួនបានលើកឡើងថា កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីពាក់ព័ន្ធបានដុតបំផ្លាញចោលនូវទំនិញជាប្រភេទចំណីអាហារខូចគុណភាពចំនួន៧០គីឡូក្រាមនៅប៉ុស្ដិ៍ភ្នំដី ស្រុកសំពៅលូន។ ប្រភពបានឲ្យដឹងថា ការដែលលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលរៀបចំឲ្យមានការដុតបំផ្លាញសាច់មាន់ និងឆ្អឹងមាន់ខូចគុណភាពសរុប៧០គីឡូក្រាមនោះ គឺធ្វើឡើងដើម្បីបិទបាំងរឿងដែលខ្លួនឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញដូចខាងលើរាប់សិបតោនក្នុងមួយថ្ងៃៗ ហើយយកមកចែកចាយដល់រាជធានីភ្នំពេញ ផងដែរ។ ដូច្នេះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មិនគួរមើលរំលងទង្វើមិនប្រក្រតីរបស់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង នោះទេ។
តាមការអះអាងរបស់ក្រុមអាជីវករលក់ដូរ ទំនិញប្រភេទចំណីអាហារតាមទីផ្សារក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់ចាំតែរងគ្រោះដោយសារអំពើពុករលួយរបស់លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង ព្រមទាំងបក្ខពួកប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា តាមច្រកព្រំដែននិងច្រករបៀងក្នុងស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក ឈ្មួញធំៗអាចនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីរាប់សិបតោនក្នុងមួយថ្ងៃៗ ហើយមិនឃើញកាំកុងត្រូលទប់ស្កាត់ឡើយ។ ប៉ុន្តែនៅពេលពួកគាត់ទិញទំនិញទាំងនោះបន្តពីឈ្មួញធំៗយកមកលក់រាយតាមទីផ្សារត្រូវបានមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យដកហូតយកទៅកម្ទេចចោលធ្វើឲ្យពួកគាត់រកស៊ីខាតចុងខាតដើមរហូត។
លើសនេះទៅទៀតនៅពេលពលរដ្ឋនាំចូលទំនិញទាំងនោះបន្តិចបន្តួចត្រូវបានមន្ត្រីកាំកុងត្រូលបង្ក្រាបយកស្នាដៃយ៉ាងក្រអឺតក្រទម ហើយបែរជាទុកឲ្យឈ្មួញធំៗនាំចូលរាប់សិបតោនក្នុងមួយថ្ងៃៗធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស៕
ប្រភព៖ មនសិកាខ្មែរ