ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​មានការ​ផ្ទេរ​ភា​កិច្ច និង​ផ្លាស់​ប្តូរ​មុខ​តំណែង​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ រួច​មក អតីត​មេ​ប៉ុស្តិ៍​នគរបាល ប៉ៃលិន ដែល​ទើបនឹង​ឡើង​កាន់​តំណែង​មិន​ទាន់​បាន​រយ​:​ពេល​១​ឆ្នាំ ស្រួលបួល​ផង ស្រាប់តែ​ត្រូវ​បាន​ស្នងការ​ខេត្ត ចេញ​លិខិត​បង្គាប់ការ​ដក​ឱ្យទៅ​នៅ​បម្រើ​ការ​ផ្នែក​សន្តិសុខ​ក្នុង​អធិការ
ដ្ឋាន​នគរ បាល​ក្រុងប៉ៃលិន ដោយ​មិនដឹង​ខ្លួន អត់​មូលហេតុ ទើប​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នេះ ធ្វើ​ឱ្យ​សា​ម៉ី​ខ្លួន មានការ​ងឿងឆ្ងល់ មិន​អស់ចិត្ត និង​អន់ចិត្ត​យ៉ាង​ខ្លាំង ។

លោក​អនុសេនីយ៍ឯក ថី អៀន អតីត​នាយ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​សង្កាត់​ប៉ៃលិន ដែល​មាន​អត្តលេខ​១៩០២៩ បាន​រៀបរាប់​ទាំង​មិន​អស់ចិត្ត​ឱ្យ​ដឹង​ថា លោក​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​នគ របាល​ជាតិ តាំងពី​ឆ្នាំ​១៩៩៧​មក​ម្លេះ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ប្រកាស​តែងតាំង​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយ​ប៉ុ ស្តិ៍​សង្កាត់​ប៉ៃលិន ជំនួស​លោក អ៊ុ​ក គា អតីត​មេ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​គាត់​ឡើង​តំណែង​ទៅ​កាន់​អធិការរង​ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា ការ​ឡើង​កាន់​មុខ​តំណែង​ជា​នាយ​ប៉ុស្តិ៍​ថ្មី លោក​បាន​ខិតខំ​ស្តារ​មុខមាត់​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ខណ​:​កាលពី​មេ​ប៉ុស្តិ៍​មុន បាន​ធ្លាក់​ដល់​កំរិត​សូន្យ ដោយ​លោក​ប្រឹងប្រែង​ធ្វើ​ការងារ​មិន​ហ៊ាន​ធ្វេសប្រហែស​នោះ​ឡើយ ។

លោក​គ្រាន់តែ​ឆ្ងល់​ខ្លួនឯង​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោកស្នងការ និង​លោក​អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើ​លិខិត​បង្គាប់ការ​ឱ្យ​រូប​លោក​ប្តូរ​ចេញពី​មេ​ប៉ុស្តិ៍​ប៉ៃលិន ដោយ​មិនដឹង​មក​ពី​កំហុស ព្រោះ​គេ​មិន​បាន​ប្រាប់​ពី​កំហុស ឬ​មិន​ធ្លាប់​ធ្វើការ​ណែនាំ សូ​ម្បី​តែ​ម្តង​ក៏​គ្មាន​ដែរ ។

ចំពោះ​ការងារ​របស់​លោក បើ​សាក សួរ​មន្ត្រី​ក្រោម​ឱវាទ ក៏​ដូច​ជា​សួរ​ប្រជាពលរដ្ឋ​ក៏​បាន​ដែរ សូ​ម្បី​តែ​ប្រជា​ការពារ​ភូមិ ដែល​លោក​គ្រប់ គ្រង​ក៏​គេ​គាំទ្រ​លោក​ច្រើន​នាក់​ដែរ ។ លោក​បញ្ជាក់​ថា កាលពី​ប្រកាស​ឡើង​តំណែង​ថ្មី​ៗ លោក​ធ្វើ កិច្ចការ​តែ​ម្នាក់ឯង​គត់ ដោយសារ​តែ​នាយ​រង​ប៉​ស្តិ៍​ជាប់រវល់​បន្ត​ការ​សិក្សា​យក​បរិញ្ញាបត្រ​រយ​:​ពេល​១ ឆ្នាំ​ឯណោះ ហើយ​ក្រោយ​ពេល​រៀន​ចប់​មក​ជួយ​ការងារ​ប៉ុស្តិ៍​បាន​តែ​បន្តិច គាត់​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក​ឧត្តមសេនីយ៍ទោ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​លោក​ប្រាប់​ថា ការ​ប្តូរផ្លាស់​នេះ គឺ​មានការ​រៀបចំ​ពី​លោក យែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បើ​ចង់​ដឹង​ច្បាស់​សូម​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​ខាង​នោះ​បន្ថែម​ទៀត ។

ចំណែក​លោក យែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​កងកម្លាំង​មន្ត្រី​នគរបាល ។ ម្យ៉ាងទៀត ក៏​មានរឿង​ពាក់ព័ន្ធ​ខ្លះ​ៗ ដែរ ដោយសារ​លោក​មេ​ប៉ុស្តិ៍​ប៉ៃលិន មានផ្ទះ​សម្បែង​ត្រឹមត្រូវ​ផ្ទាល់ខ្លួន​ហើយ បែរជា​យក​ស្រី​ទៅ​ដេក​នៅ​កន្លែង​ក្បែរ​សាលាសង្កាត់​ទៅ​វិញ ។

លោក​បន្ត​ទៀត​ថា លោក​មេ​ប៉ុស្តិ៍​ក៏​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​កូន​ចំនួន​៣​ទៅ​៤​លើក​រួច​មក​ហើយ ដោយ​សំណុំរឿង​នេះ នៅ​ក្នុង​អធិការ​ក៏​មាន​ដែរ ។ ចំណែក​ការ​ដឹកនាំ​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល ក៏​អត់​មាន​ភាព​ប្រក្រតី​ដែរ ព្រោះ​គាត់​ជា​មនុស្ស​ចូល​ចិត្ត​ហូប​ស្រា​ច្រើន ស្រវឹង​ព្រឹកល្ងាច សូ​ម្បី​តែ​កូនចៅ​នៅ​ក្នុង​ប៉ុស្តិ៍​ប៉ៃលិន ក៏​អត់​មាន​នរណា​ស្តាប់​គាត់​ដែរ ៕

ប្រភព៖ កោះសន្តិភាព