(ភ្នំពេញ)៖ តារាចម្រៀងស្រីយេៗ ធ្លាប់រងបម្រាមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកនាង ឆៃ ​លីដាឡែន បានបង្ហាញពីអារម្មណ៍ហួសចិត្តជាខ្លាំង ក្រោយពេលថ្មីៗនេះ មានការបែកធ្លាយតម្លៃនៃការចតរថយន្ត របស់ភ្ញៀវ និងអ្នកធ្វើដំណើរនៅឯព្រមានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) រយៈពេលត្រឹមតែជាង១ម៉ោងប៉ុណ្ណោះ ត្រូវបង់ថ្លៃចំណតរហូត២៥ដុល្លារ​។

ការចេញមុខប្រតិកម្ម ព្រមជាមួយបង្ហាញអារម្មណ៍ហួសចិត្តរបស់អ្នកនាង ឆៃ ​លីដាឡែន នេះបានកើតឡើង ស្របពេលដែលមានការចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក ខណៈក៏មានការចុះផ្សាយនៅលើបណ្តាញសង្គម សារព័ត៌មាន លើករណីតម្លៃចតឡាន ត្រឹមតែរយៈពេល១ម៉ោង គឺត្រូវចំណាតអស់ដល់ទៅ១០ម៉ឺនរៀល (២៥ដុល្លារ)។

តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន បានបង្ហាញការហួសចិត្តបែបនេះថា «ណាហ៊ានចតទៀតទៅ អ៊ីចឹងដាក់វ៉ាលីស ហើយចាំទៅចតនៅក្រៅ ទើបមិនអស់លុយច្រើន មិនស៊ីអីនៅក្នុងហ្នឹង ខ្លាចអស់លុយច្រើន ឥឡូវចតឡានចង់ថ្លៃស្មើ​ស៊ីអីហើយ អ៊ីចឹងមិនបាច់ទេ ចតក្រៅព្រលាន…»។

សូមបញ្ជាក់ថា បើផ្អែកតាមម្ចាស់ Account Facebook មានឈ្មោះថា Ramady Moun បានសរសេររៀបរាប់ភ្ជាប់ជាមួយវិក័យប័ត្របង់ថ្លៃចំណតរថយន្តនោះ ថា «តាមពិតចំណតរថយន្ត ដែលថ្លៃជាងគេបង្អស់លើលោកនេះ គឺនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសោះ ចតឡានរយៈពេលមួយម៉ោងសាមសិបពីរនាទី ត្រូវបង់ប្រាក់ដប់ម៉ឺនរៀល(១០០០០០៛) ដូចជាធ្វើស្រែលើខ្នងរាស្រ្តខ្មែរ ជ្រុលពេកទេដឹង?»។

ប្រភពនោះ បានបន្ថែមថា «សំបុត្រចូលទស្សនាអង្គរវត្ត ក៏មិនថ្លៃដល់ថ្នាក់នេះដែរ ​នៅអូស្ត្រាលី សិង្ហបុរី ទោះបីស្រុកបារាំង ដែលពួកវិនិយោគលោភលន់នេះមក ក៏មិនថ្លៃដល់អ៊ីចឹងដែរលោកព្រះ»។

ជាមួយគ្នានៃការបង្ហោះបែបនេះ ភ្លាមៗនោះក៏មានការបង្ហោះចែករំលែកយ៉ាងព្រោងព្រាត ពីសំណាក់អ្នកលេងបណ្តាញសង្គមយក្សនេះ៕