សៀមរាប៖ ថ្ងៃសុក្រ៣កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូដែលកើតហេតុត្រង់ចំនុចលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូម៉ាកនិច ព៌ណលឿងលាយ ស គ្មានផ្លាកលេខ។

បើកបរដោយឈ្មោះ ស៊ី សុវត្ថ ភេទប្រុស អាយុ២០ឆ្នាំ ដែលមានទីលំនៅភូមិគោកចាស់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មុខរបរ ធ្វើស្រែ ដែលធ្វើដំណើររួមជាមួយ ឈ្មោះ វន់ សុវណ្ណ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នា បើកបរទិសដៅពីជើងទៅត្បូងបានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០០៤ ព៌ណខ្មៅ ពាក់ផ្លាកលេខ សៀមរាប1G8955

បើកបរដោយឈ្មោះ ឆេម បឿត ភេទប្រុស អាយុ៥៤ឆ្នាំនៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប មានមុខរបរធ្វើស្រែ បានធ្វើដំណើរួមជាមួយ ឈ្មោះ ឡម សាងួន ភេទស្រី អាយុ៤៨ឆ្នាំ ជាប្រពន្ធ និងឈ្មោះភាន មករា ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាចៅ បើកបរទិសដៅពីជើងទៅត្បូង ហើយ
បត់ឆ្វេង។

តាមការបញ្ជាក់ពីកម្លាំងមានសមត្តកិច្ចបានឲ្យដឹងថា៖ ករណីនេះបណ្តាលមកពីអ្នកបើកម៉ូតូម៉ាកនិចបើកបរក្នុងល្បឿនលឿន រីឯ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បត់ឆ្វេងដោយខ្វះការប្រុងប្រយត្ន ដែលបណ្តាលឲ្យស្លាប់មនុស្ស១នាក់ឈ្មោះ ឡម សាងួន ពេលបញ្ជូនទៅមណ្ឌលសុខភាព យាង ចំពោះអ្នករបួសធ្ងន់មនុស្ស១នាក់ឈ្មោះ ស៊ី សុវត្ថ បញ្ជូនទៅមន្ទីពេទ្យខេត្ត រីឯអ្នករបួសស្រាល ចំនួយ០៣នាក់ ១/ ឈ្មោះ ឆេម បឿត ២/ឈ្មាះ វន់ សុវណ្ណ ៣/ឈ្មោះ ភាន មករា ចំពោះម៉ូតូខូចខាតចំនួន ២គ្រឿង (ស្រាល)។

ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់ ចំពោះសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភព៖ នគរបាលជាតិ