(ភ្នំពេញ)៖ កីឡាករវាយសីជម្រើសជាតិវ័យក្មេងរបស់កម្ពុជា វ៉ាត វណ្ណធុន បានចាប់គូជាមួយកីឡាករ-កីឡាការិនី ៧ប្រទេសផ្សេងទៀត ដណ្ដើមបានមេដាយមាស ១គ្រឿងលើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅប្រទេសអាហ្សង់ទីន នាព្រឹកថ្ងៃទី១៣ ខែតុលានេះ ។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក លី កុសល បានបញ្ជាក់ថា សម្រាប់វិញ្ញាសាឯកត្តជនរបស់ វ៉ាត វណ្ណធុន ក្នុងបេសកកម្មខាងលើ គឺបានធ្លាក់ហើយ។ បន្ទាប់មកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហពន័្ធកីឡាវាយសីអន្តរជាតិ បានបង្កើតកម្មវិធីមួយ ដើម្បីធ្វើការប្រកួតជាក្រុមចម្រុះជាតិសាសន៍ ក្នុងន័យមិត្តភាព សាមគ្គីភាពរវាងយុវជន-យុវជននារីជុំវិញពិភពលោក ដោយតម្រូវឲ្យកីឡាករ-កីឡាការិនីវាយសីគ្រប់បណ្ដាប្រទេស ធ្វើការចាប់គូជាក្រុម ដោយបែងចែកជា ៨ក្រុម ហើយក្នុង ១ក្រុមមាន ៨ប្រទេស ។

លទ្ធផលចាប់ពូល កីឡាករ វ៉ាត វណ្ណធុន ស្ថិតក្នុងក្រុម Alpha ដោយមានសមាជិក ៨នាក់មកពីប្រទេស ៨ប្រទេស គឺកម្ពុជា អ៊ីតាលី ឥណ្ឌា កាន់ណាដា អាមេរិក ស្រីលង្កា Bulgaria🇳 និង Sweden ។

ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុម Alpha បានទទួលជ័យលាភីលេខ១ គឺមេដាយមាស ក្រោយទទួលបានជ័យជម្នះបន្ដបន្ទាប់ រហូតបានយកឈ្នះក្រុម Theta មានកីឡាករ-កីឡាការិនីប្រទេសជប៉ុន អាល្លឺម៉ង់ អេហ្ស៊ីប ប្រេស៊ីល អូស្ដ្រាលី ប៊ែលហ្ស៊ិក Czech និង Republic ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុម Omega មានកីឡាករ-កីឡាការិនីប្រទេសវៀតណាម ឆាយនីសតៃប៉ិ បារាំង ថៃ Ukraine New Zealand Norway និង Fiji ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ។

គួរបញ្ជាក់ថា ការប្រកួតជាក្រុមចម្រុះជាតិសាសន៍នេះ មិនមែនជាវិញ្ញាសាផ្លូវការក្នុងការប្រកួតកីឡាអូឡាំពិកយុវជន លើកទី៣ នៅអាហ្សង់ទីននោះទេ ប៉ុន្ដែប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាខាងលើ បានចាត់ទុកមេដាយមាសជាក្រុមចម្រុះជាតិសាសន៍នេះ គឺជាសមិទ្ធិផលដ៏ល្អ សម្រាប់គ្រួសារកីឡាវាយសីកម្ពុជា ក្នុងការរុញច្រានទឹកចិត្តកីឡាករ-កីឡាការិនីកាន់តែខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅដណ្ដើមមេដាយអូឡាំពិកផ្លូវការជូនជាតិ នាពេលអនាគត។

ក្នុងនាមសហព័ន្ធ លោកឧត្តមសេនីយ៍ឯក លី កុសល ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានជ្រោមជ្រែងឲ្យមានកីឡាករ-កីឡាការិនីទៅចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ពិសេសលោកបានអរគុណ ចំពោះការខិតខំរបស់គ្រូបង្វឹកលោក Kogila vaanan និងកីឡាករ វ៉ាត វណ្ណធុន ផ្ទាល់ ដែលព្យាយាមអស់ពីសមត្ថភាព ដើម្បីដណ្ដើមបាននូវមេដាយមាសជាក្រុមចម្រុះជាតិសាសន៍ ជូនប្រទេសកម្ពុជាពេលនេះ៕