ភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងមន្ត្រីកាំកុងត្រួលមាន ការសម្របសម្រួលដោយព្រះរាជ្ញារងនៃតុលាការដំបូងរាជធានី ភ្នំពេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះបានសម្រេចដុតបំផ្លាញចោលនូវផលិតផលក្លែងក្លាយ មានដូចជាស្ករត្នោត នំ និងគ្រឿងបរិភោគ និងឧបភោគមួយចំនួនទៀតជាង៤០តោន ក្រោយពីចាប់បានជាបន្តបន្ទាប់ពីឈ្មួញទុច្ចរិតនាពេលកន្លងមក។
ថ្លែងប្រាប់អ្នកសារព័ត៌មានខណៈកំពុងកំទេចចោលនូវផលិតផលក្លែងក្លាយទាំងនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា ផលិតផលដែលក្រុមការងារបានធ្វើការ ដុតនេះគឺបានចាប់ពីឈ្មួញទុច្ចរិតនាពេលកន្លងមក ហើយឈ្មួញនិងម្ចាស់សិប្បកម្មទាំងនោះ ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ផងដែរ។
ថ្លែងក្នុងឱកាសនោះដែរ លោក ស៊ីន ស៊ីដេត ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍នៃអគ្គ នាយកកាំកុងត្រូលបានឲ្យដឹងថា ផលិតផលទាំងនេះគឺក្លែងក្លាយទាំងអស់ ហើយអ្នកប្រើប្រាស់និងបរិភោគនឹងមានផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ។
យ៉ាងណាក៏ដោយនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះ ឯកឧត្តមឧត្តម សេនីយ៍ឯក ចាន់ វ៉ាន់ធឿនបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងទិញ របស់ប្រើប្រាស់និងបរិភោគត្រូវពិនិត្យ ឲ្យបានច្បាស់លាស់ពីព្រោះមានឈ្មួញទុច្ចរិតនិងអគតិ ជាច្រើនបានលួចផលិតនិងលក់ខណៈអាជ្ញាធរមិនទាន់ស្រាវជ្រាវរកឃើញនោះ។
ជាមួយគ្នានោះឯកឧត្តមឧត្តមសេនីយ៍ឯកក៏បានអំពាវនាវដល់ក្រុមអាជីវករ ដែលទទួល ពីម្ចាស់ទីតាំងដែលលួចផលិតផលក្លែងក្លាយទាំងនោះ ត្រូវសហការជាមួយអាជ្ញាធរដើម្បីឲ្យអាជ្ញាធរចាត់វិធានការឈ្មួញទាំងនោះទៅតាមនីតិវិធីច្បាប់ផងដែរ៕