នៅពេលយើងធ្វើដំណើរលើផ្លូវជាតិឆ្លងកាត់ភ្នំសំពៅ យើងប្រាកដជានឹងបានឃើញព្រះកេសព្រះពុទ្ធបដិមាមួយអង្គនៅជាប់នឹងជញ្ជាំងភ្នំសំពៅជាក់ជាមិនខាន។
ព្រះពុទ្ធបដិមា ដែលឆ្លាក់បានត្រឹមតែព្រះកេសនេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០០៦ ដោយមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសិល្បៈសូន្យរូបមរតកអង្គរ ប៉ុន្តែដំណើរការសាង់សង់បានត្រឹមរយះខ្លីប៉ុណ្ណោះក៍ត្រូវផុតកិច្ចសន្យានិងបានបោះបង់គម្រោងចោលឲ្យនៅត្រឹងតែម្តង។
ក្រោយមកក៏មានការធ្វើសំណើរជាថ្មីដើម្បីបន្តគម្រោងសាងសង់នេះផងដែរ ប៉ុន្តែមិនត្រូវបានមន្ត្រីជំនាញរបស់ខេត្តបាត់ដំបងអនុញ្ញាតឡើយ ដោយហេតុថាទីតាំងចម្លាក់ព្រះពុទ្ធរូបនេះ មិនអាចបន្តការសាងសង់ទៀតបានឡើយ ដោយសារថ្មភ្នំ ត្រង់កន្លែងឆ្លាក់នោះ ជាប្រភេទថ្មកំបោរ ហើយជាក់ស្តែងរូបសំណាកដែលសាងសង់បានត្រឹមកំណាត់ព្រះកេសនេះមានស្នាមប្រេះ មិនអាចទ្រទ្រង់ទម្ងន់តួព្រះពុទ្ធបដិមាទាំងមូលបាននោះទេ។
សូមបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ គម្រោងសាងសង់ព្រះពុទ្ធរូបនេះមាន ៣ប្លង់ រួមមានប្លង់ព្រះពុទ្ធប្រសូត្រ ត្រាស់ដឹង និងប្លង់ព្រះពុទ្ធចូលបរិនិព្វាន្ត ដែលមានកម្ពស់ពីដីប្រមាណជាង៣០ម៉ែត្រ ។
ការសាងសង់ព្រះពុទ្ធបដិមាដ៏ធំនៅលើជញ្ជាំងរមណីយដ្ឋានភ្នំសំពៅនេះក្នុងគោលបំណងផ្សព្វផ្សាយពង្រីកវិស័យព្រះពុទ្ធសាសនាផង និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលទស្សនាក្នុងខេត្តបាត់ដំបងឲ្យបានច្រើនថែមទៀតផងដែរ៕
ដកស្រងទាំងស្រុងនិងរក្សាសិទ្ធគ្រប់យ៉ាងជូន SPKT Liv