ភ្នំពេញ៖ ស្ត្រីមានបញ្ហាសតិអារម្មណ៍ម្នាក់ តែងតែស្រែកឡូឡា ទាំងយប់ទាំងថ្ងៃ រំខានដល់ការរស់នៅ​របស់ប្រជាពលរដ្ឋនៅម្តុំខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ជាសំណង់ដែលសាលារាជធានីភ្នំពេញ ធ្វើការសាងសង់ជូនប្រជាពលរដ្ឋរស់នៅមាត់ប្រឡាយស្ទឹងមានជ័យស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ដេកពួនមិនបាន ព្រោះតែស្ត្រីម្នាក់តែងតែស្រែកឡូឡា ទាំងយប់ទាំងថ្ងៃ ត្រូវបានកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ១ ឃាត់ខ្លួន​ដឹកយកមកប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។

ស្ត្រីខាងលើនេះមានឈ្មោះ ចាន់ វុទ្ធី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានកូនក្នុងបន្ទុករហូតដល់៧នាក់ ហើយក្រោយពេលប្រជាការពារបានប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ រួចរាល់ហើយ ស្ត្រីខាងលើ បានអង្គុយច្រៀងលេងអោយសមត្ថកិច្ចស្តាប់លេង ដោយគ្មានខ្វល់ពីរឿងអ្វីនោះឡើយ ដោយសារតែគាត់ប្រើប្រាស់ គ្រឿងញៀន​ហួសកម្រិត រហូតប្រែក្លាយជាមនុស្ស​មានបញ្ហាសតិអារម្មណ៍បែបនេះ។

បច្ចុប្បន្នលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ កំពុងតែទំនាក់ទំនងទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ​ អោយមកទទួលយកទៅធ្វើការអប់រំ​ និងបន្សាបសារធាតុញៀន នៅមណ្ឌល​សង្គម​កិច្ច(ព្រៃស្ពឺ)។

សូមជៀសឆ្ងាយពីគ្រឿងញៀន! គ្រឿងញៀន គឺជាសារធាតុម្យ៉ាង ដែលអាចពង្វក់អារម្មណ៍ និងស្មារតីរបស់មនុស្សស្ទើរតែ ១០០% រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះខូច​ប្រព័ន្ធ​សសៃប្រសាទ ដោយសារវាផងដែរ ។

មិនតែប៉ុណ្ណោះ​ វាបានធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ទេ” ចំពោះគ្រឿងញៀន ។

ខ្ញុំ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សូមរលឹកឡើងវិញថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ក៏ដូចជាសង្គមជាតិ ទាំងមូល អោយធ្លាក់ចុះដុនដាម និងស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែង ស៊ីសងគ្រប់ប្រភេទ និងបន្តតាមដាននិងស្រាវជ្រាវកំណត់មុខសញ្ញា នៅគ្រប់តំបន់ទាំងអស់ក្នុងមូលដ្ឋានខណ្ឌមានជ័យ៕