ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ជំរាប​ជូន សាធារណៈ ជន និង​អ្នកសារព័ត៌មាន​ថា ចាប់តាំងពី​ថ្ងៃ​ទី​៩ រហូតមកដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​កំប្លោក ដែល​មាន​ប្រភព​ពី​សមុទ្រ​ប្រទេសជិតខាង បាន​ហូរ​អណ្តែត​រសាត់​លើ​ផ្ទៃសមុទ្រ និង​បាន​មក​ទើរ​នៅលើ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

បញ្ហា​នេះ ក្រុការងារ​រដ្ឋបាល​ខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល​ក្រុង មន្ទីរ អង្គភាព​ពាក់ព័ន្ធ កំពុង​ចុះ​សំអាត​តាម​បណ្តោយ​ឆ្នេរ​ក្នុង​ក្រុង​ព្រះសីហនុ​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​សាធារណៈ​ជន​ទាំង​អស់ សូម​កុំ​មាន​ការព្រួយបារម្ភ ព្រោះ​បញ្ហា​នេះ មិនបាន​ធ្វើឲ្យ​ខូច​គុណភាព​ទឹក សមុទ្រ ឬ​ឆ្នេរ​ខ្សាច់​នោះទេ គ្រាន់តែ​ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេរ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។ ហើយ​ថា ក្រោយ​ពី​ការសម្អាត​រួចរាល់​ឆ្នេរ​ខ្សាច់ នឹង​មក​សភា​ស្រស់​ស្អាត​ដូចដើម​វិញ​ជាក់​ជាមិនខាន​។​

ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ដើម្បី​ពន្លឿន​ការងារ​សម្អាត​កំប្លោក ឬ​កាកសំណល់​សំរាម នៅតាម​ឆ្នេរ​នានា ឲ្យ មាន​សោភ័ណភាព​ដូច​ដើម​បាន​ឆាប់ គឺ​រដ្ឋបាល​ខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ដែល​កំពុង​ប្រកប​អាជីវកម្ម​តាម​ឆ្នេរសមុទ្រ ឲ្យចូល​រួម​សម្អាត​ឆ្នេរ ដែល​មាន​កំប្លោក នៅមុខ​ទីតាំង​បើក​ធ្វើ​អាជីវកម្ម​រៀងៗ​ខ្លួន ឲ្យបាន​ស្អាត​ល្អ​ឡើង​វិញ​។​

ខាងក្រោម​នេះ គឺ​រូបថត នៃ​សកម្មភាព​ចុះ​ជួយ​សម្អាត​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ពិសេស​ឆ្នេរ​អូរ​ឈើទាល របស់​ប្រជាពលរដ្ឋ អាជីវករ សិស្ស​និស្សិត វិស័យ​ឯកជន កងកម្លាំងប្រដាប់អាវុធ ទាំង​នគរបាល កងរាជអាវុធហត្ថ កង​យោពល​ខេ​មរ​ភូមិ​ន រដ្ឋបាល​ក្រុង មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១៨ ៕ ​