ហេតុការណ៍មន្ត្រីប៉េអឹមស្រវឹង បាននាំស្រីស្នេហ៍មកផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតចិត្តប្រចណ្ឌ វ៉ៃនារីជាសង្សារ បណ្តាលឱ្យរងរបួស
ហូរឈាមពេញខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១
ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងបុរីហុក ឆេង មានទីតាំងស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
នារីងគ្រោះ មានឈ្មោះក.ខ.គ អាយុ២៥ឆ្នាំ មុខរបរអ្នកលក់ស្រាបៀរ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
ចំណែកជនបង្កជាប្រុសស្នេហ៍ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ២៧ឆ្នាំ មានមុខរបរជាមន្ត្រី កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តាមសម្តីនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នាងត្រូវបានជនបង្កជាសង្សារ នាំទៅផឹកស៊ីនៅផ្ទះកើតហេតុខាងលើ
រហូតមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ប្រុសស្នេហ៍រូបនេះបានផឹកស្រាស្រវឹងជោកជាំ
ក៏បានរករឿងឈ្លោះប្រកែកជាមួយនាង រួចបានប្រើអំពើហិង្សាវាយនាងបែកឈាមពេញខ្លួនតែម្តង។
នារីរងគ្រោះបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ តែត្រូវប្រុសស្នេហ៍នាងអួតប្រាប់សមត្ថកិច្ចថា រូបគេ (ជនបង្ក) មានខ្សែអ្នកធំ មិនអាចយកឈ្នះគេបានទេ។
យ៉ាងណា នាងទ្រាំលែងបានហើយ ទើបសម្រេចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យជួយអន្តរាគមន៍។
ជុំវិញរឿងរ៉ាវប្រើអំពើហិង្សានេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាគូស្នេហ៍នារីរងគ្រោះខាងលើ បាននៅឡើយ។
យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕