បុរសម្នាក់ កើតវិបត្តិផ្លូវចិត្តដោយផ្តើមចេញពីរឿងប្រពន្ធរត់ចោល ហើយផឹកស្រាស្រវឹងបែកគំនិតកាន់កាំបិតឡូឡា និងដើរដុតផ្ទះពលរដ្ឋអស់៤ខ្នង សំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនទាន់ពេល។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១១ ខែមីនាឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំនួន៣គឺភូមិក្នុង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅព្រឹកថ្ងៃទី១២នេះថា កម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក បានធ្វើការឃា
ត់
ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡា លា ភេទប្រុស អាយុ៤៧ មុខរបរធ្វើស្រែ ស្រុកកំណើតនៅភូមិព្រៃធំ ឃុំកោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យរូបនេះ បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ដែលបានប្រព្រឹត្តករណីបង្កឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា
(ដុតផ្ទះ)កើតឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃ១១មីនាឆ្នាំ២០១៩បណ្តាលឲ្យឆេះផ្ទះរបស់ជនរងគ្រោះ៤ខ្នង កើតឡើងចំនួន៣ភូមិ ក្នុងមូលដ្ឋានឃុំរើល ស្រុកពួក។
ផ្ទះទី១ របស់ជនរងគ្រោះ ឈ្មោះ ញ៉ាណ លឿ ភេទស្រីអាយុ៥៣ឆ្នាំ ភូមិស្រះ ឃុំរើល ស្រុកពួក ផ្ទះទំហំ៦គុណ៥ កម្ពស់២ម៉ែត្រ ជញ្ជាំងក្ដារ ប្រក់ស៊ីប្រូ(ឆេះអស់ទាំងស្រុង)។
ផ្ទះទី២ឈ្មោះ ព្រឿម គង់ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ផ្ទះទំហំ៥គុណ៤កម្ពស់១,៨០ប្រក់ស័ង្កសី បណ្តាលឲ្យខូចខាតឆេះស្រូវ១,៥០តោន . កង់១ ទូរទស្សន៍១. ផ្ទាំងសូឡា១គ្រឿង(ឆេះអស់ទាំងស្រុង)។
ផ្ទះទី3ឈ្មោះ ភាវ ថា ភេទស្រី អាយុ៥៨ឆ្នាំរស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខូចខាតឆេះគ្រឿងឈើទុកធ្វើផ្ទះ១ឈុត . ស្រូវ១តោនកន្លះ . ទូរទស្សន៍១ . សូឡា១គ្រឿង . កង់៣គ្រឿងនិងប្រាក់បាទ៤៥០០០បាទ(ឆេះអស់ទាំងស្រុង)។
ផ្ទះទី៤ឈ្មោះ មឿន មឿត ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួកខេត្តសៀមរាបផ្ទះទំហំ៦គុណ៥ម៉ែត្រកម្ពស់២ម៉ែត្រខូចខាតឆេះស្រូវ២តោន . ទូរទស្សន៍១ សូឡាមួយគ្រឿង(ឆេះអស់ទាំងស្រុង)។
លោកបន្ថែមថា មូលហេតុ បណ្តាលមកពីជនបង្កខាងលើ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ(ប្រពន្ធចុះចោលចេញពីផ្ទះ) ហើយផឹកស្រាស្រវឹងជាប្រចាំ។
បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនបង្ក ទៅការិយាល័យជំនាញចាត់ការបន្តតាមផ្លូវច្បាប់៕