ប្រុងប្រយ័ត្នផង ថ្នាំម្យ៉ាង លេបហើយប៊ិះបាត់បង់ជីវិត ! នេះបើតាម បងស្រីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះថា អាវី បឹងឈូក បានបង្ហោះសារមួយថា “ចាំទុក ប្រភេទថ្នាំនេះមួយ បិះឆក់យកជីវិតប្តីខ្ញុំបាត់ កុំតែទៅដល់ពេទ្យទាន់ ប្រតិកម្មថ្នាំសាហាវហួស”
ភ្នំពេញៈ ស្ត្រីម្នាក់បានទៅផ្សំថ្នាំពេទ្យឱ្យប្តីលេប ដែលជាប្រភេទថ្នាំផ្សះ “cephalexin 500mg” ស្រាប់តែលេបថ្នាំរួចមិនបានប៉ុន្មានផង បុរសជាប្តីក៏ចាប់ផ្តើម
កើតមានអាការៈប្រតិកម្មថ្នាំ និងត្រូវបានអ្នកជិតខាង រួមនឹងក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជីវិតទាន់ពេល ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធមានការភ័យតក់ស្លុតយ៉ាងខ្លាំង និងអះអាងថា បើយឺតតែបន្តិច នឹងបាត់បង់ស្វាមីជាទីស្រលាញ់មិនខាន ។
បុរសជាប្តីដែលទទួលរងការប្រតិកម្មថ្នាំយ៉ាងធ្ងន់ធ្ងរ សំណាងល្អត្រូវបានសង្គ្រោះទាន់ពេលនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ភរិយារបស់បុរសខាងលើ មានគណនីហ្វេសប៊ុកឈ្មោះ អាវី បឹងឈូក មានលក់សម្លៀកបំពាក់បោះដុំនិងរាយ ។
យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីជាភរិយាបុរសដែលប្រតិកម្មថ្នាំ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហោះរូបថត ចំនួន៥សន្លឹក បង្ហាញពីស្ថានភាពរបស់បុរសជាប្តីដេក
ស្តូកស្តឹក ដែលមានស្នាមជាំកន្ទូលពេញដងខ្លួន និងកំពុងស្ថិតក្រោមការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ព្រមទាំងបង្ហាញនូវប្រភេទថ្នាំដែលប្តីរបស់ខ្លួនទទួល រងប្រតិកម្មផងដែរ ។
ជាមួយនេះម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារមួយថា “ចាំទុក ប្រភេទថ្នាំនេះមួយ ប៊ិះឆក់យកជីវិតប្តីខ្ញុំបាត់ កុំតែទៅដល់ពេទ្យទាន់។ ប្រតិកម្មថ្នាំសាហាវហួស…”។
តាមរយៈម្ចាស់គណនីដដែល បានឱ្យដឹងថា “ធូរហើយមកផ្ទះវិញបានហើយ ថ្នាំហ្នឹងមិនប្រតិកម្មជាមួយមនុស្សទូទៅទេ ដោយមនុស្សតើ ពេទ្យប្រាប់ចឹង…”។ ក្នុងនោះគេក៏ឃើញមានអ្នកចូលទៅបញ្ចោញមតិថា “កុំបន្ទោសថ្នាំ មកពីយើងទេ ប្រតិកម្មថ្នាំមិនព្រមប្រាប់ពេទ្យ រាល់ពេលដែលយើងទិញថ្នាំពេទ្យ គេតែងតែសួរយើងរហូតថា
យើងមានដែលធ្លាប់ចាញ់ថ្នាំអ្វីឬអត់?”។
ជាការឆ្លើយតប ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុកខាងលើ បានអះអាងថា “ពីមុនមកគាត់អត់ដែលឈឺអីសោះ ធ្វើម៉េចអ្នកជំងឺដឹង…”។
យ៉ាងណាក្តី នៅវេលារសៀលថ្ងៃដដែលនេះ ស្ត្រីជាម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវជាភរិយាបុរស ប្រតិកម្មថ្នាំ បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញពីសកម្មភាពបុរសជាប្តីដែលទើបនឹងបាន ធូរស្រាល
ចេញពីសង្គ្រោះបន្ទាន់ កំពុងជួយរៀបចំឥវ៉ាន់ (សម្លៀកបំពាក់) នៅក្នុងផ្ទះ និងបានសរសេរសារមួយថា “នៅមិនស្ងៀមទេ គ្រាន់តែចេញពីពេទ្យហើយ ចាប់ផ្តើមធ្វើការទៀត និយាយមិនស្តាប់…”៕