មានយុវជនកម្ពុជាមិនតិចឡើយដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋរាប់ម៉ឺននាក់ក្នុង ១ ឆ្នាំៗ ។ តើមានហេតុផលអ្វីខ្លះ ទើបយុវជនខ្មែរមួយចំនួនធំចង់
ធ្វើការរដ្ឋខ្លាំងម្ល៉េះ ? ទោះដឹងហើយថាមានតែការងារឯកជនទេទើបទទួលបានប្រាក់ខែខ្ពស់ ។ ដូច្នេះសូមមកស្ដាប់ការលើកឡើងពីយុវជនមួយចំនួន ជុំវិញបញ្ហានេះដូចខាងក្រោម ៖
១. មានប្រាក់សោធននិវត្តន៍ទុកគ្រាន់ចិញ្ចឹមជីវិតពេលចាស់ទៅ
លោក សម្បត្តិ សត្យា ជាមន្ត្រីរាជការមួយរូបលើកឡើងថា នេះជាលក្ខណៈពិសេសមួយដែលម្នាក់ៗចង់ចូលបម្រើការងារក្នុងវិស័យសាធារណៈ
ព្រោះពេលចាស់ទៅមិនភ័យដាច់ពោះស្លាប់មានប្រាក់ឧបត្ថម្ភពីរដ្ឋបន្តិចបន្តួចទុកគ្រាន់ចិញ្ចឹមជីវិត ពេលខ្លួនអស់សមត្ថភាពនឹងរកស៊ី ឬ បំពេញការងារអ្វីលែងបានតទៅទៀត ។
លោកបន្តថា ប្រសិនបើដល់វ័យមួយអស់កម្លាំង និង ថាមពលប្រាជ្ញាស្មារតីដើម្បីនឹងរកប្រាក់ចំណូល ហើយថែមទាំងគ្មានរបររកស៊ីនោះគឺប្រាកដជាលំបាកខ្លួនហើយ ព្រោះមិនអាចរំពឹងកូនឲ្យមកផ្គត់ផ្គង់សព្វគ្រប់បានឡើយ ។
២. ការងាររដ្ឋមានស្ថិរភាពមិនព្រួយបារម្ភក្ស័យធន
មកដល់ចំណុចនេះបុរសវ័យ ៣០ ក្រាសដដែលនេះបន្តថា ការងាររដ្ឋជាប្រភេទការងារដែលមិនប្រកួតប្រជែងស្វែងរកប្រាក់ចំណេញដូចវិស័យឯកជនឡើយ ដោយមានការធានាពីរាជរដ្ឋាភិបាល ។
ដូច្នេះការបំពេញការងាររដ្ឋធ្វើឲ្យលោកមានទំនុកចិត្តមិនព្រួយបារម្ភថាថ្ងៃណាមួយនឹងត្រូវបិទទ្វារឡើយ ។
ត្រង់នេះលោក សត្យា ថាមិនមែនមានន័យថាឲ្យតែការងារឯកជនសុទ្ធតែគ្មានស្ថិរភាពនោះទេ គឺវាអាស្រ័យទៅលើប្រភេទក្រុមហ៊ុន ឬ
ប្រភេទសេវាកម្មដែលកំពុងឈរជើងលើទីផ្សារទាំងនោះរឹងមាំប៉ុនណា ? ដោយឡែកចំពោះការងាររដ្ឋវិញអ្នកបំពេញការងារពុំដែលមានអារម្មណ៍ខ្លាចដួល ឬ ក្ស័យធនឡើយ ។
៣. មានកិត្តិយសពិសេសដោយឡែក
ដោយឡែកបើតាមការលើកឡើងពីកញ្ញា កែវ សុមិនា កំពុងសិក្សាផ្នែកច្បាប់ឆ្នាំទី ៣ ប្រាប់ថាក្រោយបញ្ចប់ការសិក្សាខ្លួនចង់ប្រឡងចូលក្រមខណ្ឌរដ្ឋ ព្រោះការងាររដ្ឋនឹងទទួលបានកិត្តិយសពិសេសត្រង់ថា
មានឱកាសទទួលបានការប្រកាសតំឡើងឋានន្តរស័ក្ដិពីរដ្ឋមន្ត្រី ការចេញអនុក្រឹត្យតែងតាំងពីនាយករដ្ឋមន្ត្រី និង ទទួលបានការចេញព្រះរាជក្រឹត្យតែងតាំងពីព្រះមហាក្សត្រ ។
សុមិនា បន្តថា កិត្តិយសនេះត្រូវបានប្រជាជនខ្មែរឲ្យតម្លៃខ្ពស់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន ។
៤. បានបំពេញការងារក្នុងវិស័យសាធារណៈដើម្បីបម្រើប្រជាជន
មកដល់ចំណុចនេះ សុមិនា លើកឡើងថា ការងាររដ្ឋមានលក្ខណៈពិសេសម្យ៉ាងត្រង់ថាមិនបានបម្រើឲ្យប្រយោជន៍បុគ្គលណាមួយឡើយ គឺបម្រើឲ្យសង្គមជាតិ និង ប្រជាជន ។
ដូច្នេះប្រសិនបើក្លាយជាមន្ត្រីសាធារណៈ គឺដូចជាការចូលរួមចំណែកមួយជួយសម្រួលដល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលឲ្យបានទៅដល់ប្រជាពលរដ្ឋខ្មែរ ។
៥. ទទួលបានអត្ថប្រយោជន៍ និង ការលើកទឹកចិត្តផ្សេងៗ
ចំពោះចំណុចនេះវិញ លោកសម្បត្តិ សត្យា ប្រាប់ថា តាមពិតទៅការងារជាមន្ត្រីរាជការពិតជាមិនទទួលបានប្រាក់បៀវត្សខ្ពស់មែន តែក៏ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា របបសាំង
ប្រាក់ឧបត្ថម្ភពេលចុះបេសសកម្មតាមខេត្តម្ដងៗបានច្រើនគួរសមដែរ ទទួលបានការបណ្ដុះបណ្ដាលផ្សេងៗទាំងក្នុង និង ក្រៅប្រទេស ។
ក្នុងនោះទទួលបានការបណ្ដុះបណ្ដាលពីសាលាភូមិន្ទរដ្ឋបាលផង និង នៅក្នុងក្រសួងផង ហើយពេលខ្លះបានចេញទៅដល់ក្រៅប្រទេសឯណោះ ៕
អត្ថបទ ៖ ទស្សនាវដ្ដីប្រជាប្រិយ