នៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យប្រតិភូចិនដឹកនាំដោយលោក CHOU Ming អនុប្រធាននៃពិព័រណ៍សិល្ប:ចិនក្រោមការគ្រប់គ្រងនៃរដ្ឋបាល
បេតិកភណ្ឌវប្បធម៌ជាតិចិន ចូលជួបសំណេះសំណាលដើម្បីពិភាក្សាស្តីអំពីការស្នើខ្ចីរូបបដិមាខ្មែរដើម្បីយកទៅចូលរួមតាំងពិព័រណ៍អរិយធម៌អាស៊ីនៅប្រទេសចិន ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាជរជាតិអប្សរា ។
ពិព័រណ៍ដែលនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ ២០១៩ នៅប្រទេសចិន ហើយភាគីចិនបង្ហាញពីគោលបំណងក្នុងការរៀបចំពិព័រណ៍ដែលមានលក្ខណៈពិសេស នោះគឺកិច្ច
សហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌នៅក្នុងរមណីយដ្ឋានអង្គរ ដែលចាំបាច់ត្រូវការបដិមាដែលមានប្រភពមកពីប្រាសាទតាកែវ និង ប្រាសាទចៅសាយទេវតា ។
ឆ្លើយតបទៅនឹងសំណើរនេះ ភាគីអាជ្ញាធរជាតិអប្សរាមិនទាន់អាចឆ្លើយតបភ្លាមៗបាននៅឡើយទេ ដោយហេតុថារាល់រូបបដិមាដែលបានស្នើឡើងចាំបាច់ធ្វើការវាយតម្លៃធានារ៉ាប់រងស្របតាមការគ្រប់គ្រងបុរាណវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាព ។
ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាត្រូវការពេលវេលាដើម្បីផ្តល់ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធដើម្បីអាចអនុញ្ញាតឱ្យយកបដិមាចេញពីទីតាំងចេញពីទីតាំងជាក់ស្តែង ។
អាជ្ញាធរជាតិអប្សរាក៏បានសន្យាថានឹងជួយសម្របសម្រួល និង សហការល្អចំពោះកិច្ចការនេះឱ្យដំណើរការបានរលូន ព្រោះនេះគឺជាឱកាសដែលប្រទេសកម្ពុជាអាចបង្ហាញអរិយធម៌ខ្មែរទៅកាន់បណ្តាប្រទេសនៅអាស៊ី និង ជុំវិញពិភពលោកឱ្យបានស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត ៕ ប្រភព៖ ប្រជាប្រិយ