ភ្នំពេញៈ ក្មេងស្រីម្នាក់ អាយុ ៩ ឆ្នាំម្នាក់ខណៈកំពុងបំពេញការងារជាកម្មករឡឥដ្ឋជាមួយឪពុកម្ដាយរបស់ខ្លួនប៉ុន្ដែ ដោយសារកាធ្វេសប្រហែសតែបន្ដិចព្រោះនាងនៅក្មេងពេកហាក់មិនសូវមានការ
ប្រុងប្រយ័ត្នដូចមនុស្សពេញវ័យទើបបណ្ដាលឲ្យនាងចូលដៃខាងស្ដាំទៅក្នុងម៉ាស៊ីនកិនដីឥដ្ឋបណ្ដាលឲ្យដាច់ដៃផ្នែកខាងស្ដាំស្ទើរដល់គល់ក្លៀកមើលទៅគួអាណិតអាសូរជាពន់ពេក ។
ហេតុការណ៍នេះ កើតកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មឡឥដ្ឋរបស់ថៅកែឈ្មោះ លាង ស្រ៊ុន ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឆេង ស្រីភ័ក្រ ភេទស្រី អាយុ៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមដោយរបួសដាច់ដៃខាងស្តាំត្រឹមក្លៀក។
ឪពុកជនរងគ្រោះ ឈ្មោះ ឆេង ប៊ុនហំ អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ម្តាយឈ្មោះ ឃឹម ចាន់ណា អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិឃុំជាមួយគ្នា។
បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះបានមកធ្វើជាកម្មករឡឥដ្ឋឲ្យថៅកែ លាង ស្រ៊ុន នេះអស់រយះពេលជាង ០៦ឆ្នាំ មកហើយដោយមកទាំងគ្រួសារតែម្ដង ដោយសារជីវភាព គាត់ក៍បានប្រើកូនស្រីរងគ្រោះឲ្យជួយបំពេញការងារគាត់ផងដែរដោយមិនបានទៅរៀនសូត្រនោះទេ ។
ប្រភពបន្ដថា នៅព្រឹកថ្ងៃកើតហេតុ ឈ្មោះ ឆេង ប៊ុនហំជាឪពុក បានបញ្ឆេះម៉ាស៊ីនកិនដីផលិតឥដ្ឋ ដោយឪពុកជាអ្នកចាក់ដីបោះចូលក្នុងម៉ាស៊ីន រីឯប្រពន្ធ និងកូនស្រីឈ្មោះ ឆេង ស្រីភ័ក្រ ជាអ្នកកាត់ឥដ្ឋឆៅចេញពីម៉ាស៊ីន និងរៀបឥដ្ឋឆៅដាក់លើរទះទុកអូសយកទៅហាលថ្ងៃ ។
លុះដល់វេលាម៉ោង ៩និង៣០ នាទី ថ្ងៃដដែល ពេលឥដ្ឋពេញរទះ ឈ្មោះ ឆេង ប៊ុនហំជាឪពុក បានអូសរទះយកឥដ្ឋទៅរៀបហាលថ្ងៃ ពេលឪពុក កំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែឃើញកូនស្រីឈ្មោះ ឆេង ស្រីភក្រ័ ចូលដៃខាងស្តាំទៅក្នុងម៉ាស៊ីនកិនដីឥដ្ឋ
ឃើញដូចនោះឪពុក ម្ដាយ និងកម្មករឡឥដ្ឋនៅក្បែរនោះបានស្ទុះទៅពន្លត់ម៉ាសុីននិងបានវាប់ទាញជនរងគ្រោះចេញពីម៉ាស៊ីន រួចបាននាំជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលភ្លាមផងដែរ។
បន្ទាប់មកមន្ទីរពេទ្យបង្អែកស្រុកដោយសារឃើញស្ថានភាពរបួសធ្ងន់ធ្ងរពេកក៏បានរៀបចំ បញ្ចូនជនរងគ្រោះទៅព្យាបាលនៅពេទ្យឯរាជធានីភ្នំពេញជាបន្ដទៀត ។
គេតែងសង្កេតឃើញថាករណីនៅតាមសិប្បកម្មផលិតឥដ្ឋភាគច្រើន កម្មករមកស្នាក់នៅធ្វើការទាំងគ្រួសារៗ ហើយពួកគេតែងតែជួយដល់ឪពុកម្ដាយគេក្នុងកិច្ចការនេះដោយមិនបាមទៅរៀនសូត្រដូចក្មេងប្រុស ស្រីដ៏ទៃទៀតទេ រីឯបញ្ហាគ្រោះថ្នាក់វិញច្រើនកើតលើពួកគេញឹកញាប់
ព្រោះពួកគេនៅក្មេងមិនសូវមានការប្រុងប្រយ័ត្នដូចមនុស្សចាស់នោះទេ ដូច្នេះសូមបណ្ដាសិប្បកម្មណាដែលមានហានិភ័យខ្ពស់ចូរកុំប្រើប្រាស់កម្លាំងពលកម្មលើកុមារជាជំនួយព្រោះអត្រានៃការគ្រោះថ្នាក់លើពួកគេមានខ្ពស់បំផុត៕