នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ ខេត្តព្រះសីហនុនឹងរៀបចំនូវព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» ដ៏ធំមិនធ្លាប់មានពីមុនមក ។
ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងខេត្តឆ្នេរសមុទ្រមួយនេះឱ្យកាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីភ្ញៀវទៅលេងនៅខេត្តនេះមានការថយចុះ ។
ព្រឹត្តិការណ៍ «សង្ក្រាន្តសមុទ្រ» នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩ ទីតាំងរៀបចំនៅឆ្នេរឯករាជ្យ ជាមួយនឹងការតាំងពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ដោយមានការរៀបចំស្តង់ផលិតផលក្នុងស្រុក ស្តង់ម្ហូបអាហារ និង ស្តង់ទេសចរណ៍ ដែលបង្ហាញពីសក្តានុពល និង ការអភិវឌ្ឍនានារបស់ខេត្តព្រះសីហនុផងដែរ ។
ហើយនៅក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តសមុទ្រ”នេះ នឹងមានរៀបចំពិធីសាសនា និង វប្បធម៌នានាដែលរួមមានការរាប់បាត្រតាមប្រពៃណីព្រះពុទ្ធសាសនា ដោយនិមន្តព្រះសង្ឃជាច្រើនអង្គ ការទទួលទេវតា និង ការបង្ហោះគោមជាដើម ។ល។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំពុំធ្លាប់មានពីមុនមកនេះ ក៏មានការរៀបចំនូវកម្មវិធីប្លែកៗនិង សប្បាយៗជាច្រើនទៀត ដូចជា ការប្រគុំតន្ត្រីសម័យដ៏ធំ ដែលមានការចូលរួមពីតារាល្បីៗ ,ការបង្ហាញនូវផ្ទំាងទស្សនីយភាពវប្បធម៌ ដែលមានការសម្តែងរួមគ្នារវាងសិល្បៈករបុរាណ និង សម័យ។
ល។ លើសពីនេះទៅទៀត ក៏មានសកម្មភាពលេងកម្សាន្តនៅលើឆ្នេរខ្សាច់និងមានការ សម្តែងសៀក ការលេងល្បែងប្រជាប្រិយខ្មែរដ៏ពេញនិយមដូចជាបោះឈូង វាយក្អម ទាញព្រ័ត ឡើងសសរខ្លាញ់ លោតអន្ទាក់ភ្លើង លេងពង្រាត់ទីលើឆ្នេរខ្សាច់ និង លាក់កន្សែងជាដើម។
មិនតែប៉ុណ្ណោះនៅតាមឆ្នេរ និង នៅចន្លោះស្តង់ពិព័រណ៍នីមួយៗ មានល្បែងកម្សាន្តប្លែកៗជាច្រើនទៀតដូចជា ការដើរលើស្បែកជើងក្តារជាក្រុម ការបោះបាល់ឱ្យចំគោលដៅ ការបង្វិលកងភ្លើង ការជះទឹកក្រអូប
ស្តង់គូរមុខ ការឈរទ្រឹងរបស់បងមាស និងកញ្ញាប្រាក់ ការដើរបង្ហាញរាងពីសំណាក់បងអ៊ូក អូនម៉ាប់ ឆៃយ៉ាំ នាងមច្ឆា យក្សខ្មែរ ស្តេចល្ខោន ការលេងតន្ត្រីទោល និង សកម្មភាពកំសាន្តផ្សេងទៀតសរុបជិត៥០មុខនៅលើឆ្នេរខ្សាច់។
កម្មវិធី ក៏មានរៀបចំកន្លែងស្អាតៗសម្រាប់យុវវ័យបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្រួសារ ឪពុកម្តាយផងដែរ ដូចជាការបង្ហោះគោមដោយភ្ជាប់នឹងពាក្យពេចន៍ជូនពរផ្សេងៗ កន្លែងថតរូបអនុស្សាវរីយ៍ អមជាមួយ ភ្លើងទៀននៅលើឆ្នេរខ្សាច់ ព្រមទាំងមានការបាញ់កាំជ្រួចទៀតផង ៕ ប្រភព៖ ប្រជាប្រិយ