វាជារឿងរ៉ាវមួយគួរឲ្យភ្ញាក់ផ្អើល ខណៈពេលដែលអ្នកភូមិនាំគ្នាមកចូលរួមបុណ្យសពគម្រប់៧ថ្ងៃ បែរជារត់ជាន់ជើងគ្នា ព្រោះតែអគ្គិភ័យកើតឡើងនៅនឹងផ្ទះបុណ្យ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៣រសៀល ថ្ងៃទី៩មីនា ចំណុចផ្ទះបុណ្យសពលោកយាយ ហឹង ឆេងអៀង គម្រប់៧ថ្ងៃ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
យោងតាមប្រភពពី លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រសាសពលោក
យាយ ហឹង ឆេងអៀង បានយកធូបទៅអុជនៅកន្លែងសែនកុងម៉ា ក្នុងផ្ទះបុណ្យ។ ប្រមាណជា១០នាទីក្រោយមក ក៏ស្រាប់តែកើតជាអគ្គិភ័យកើត
ឡើង បង្កឲ្យឆេះពេញក្នុងបន្ទប់ ហើយម្ចាស់ផ្ទះ ក៏ដូចជាអ្នកភូមិចូលទៅជួយពន្លត់ ប៉ុន្តែដោយសារតែអណ្តាតភ្លើងកំពុងឆេះពេញបន្ទុកនោះ
ធ្វើឲ្យសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌច្បារអំពៅ ចេញទៅអន្តរាគមន៍ទើបរលត់ទៅវិញ។
លោកអធិការរងបន្តថា ក្នុងករណីអគ្គិភ័យនេះមិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតណាម្នាក់ឡើយ តែម្នាក់ៗព្រលឹងចុងសក់ ព្រោះជាថ្ងៃបុណ្យសពគម្រប់៧ថ្ងៃផង បែរជាជួបហេតុការណ៍បែបនេះទៅវិញ៕