ខេត្តកំពង់ចាម ៖ ករណីហិង្សាមួយ ដោយសារកូនប្រុសខឹងដេញកាប់ឪអត់បាន ក៏បានទៅទិញសាំង២ដទឹកសុទ្ធ រួចក៏ទៅយកចំប៉ើង មកដាក់គរក្រោមផ្ទះ បម្រុងនឹងចាក់ សាំងដុត ទៅហើយ ប៉ុន្តែត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលបានកើតមានការភ្ញាក់ផ្អើលឡើង
កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិស្វាយរ័ក្ស ឃុំសូរសែន ស្រុកព្រៃឈរ។ រហូតមកដល់វេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានចុះអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។
កូនប្រុសបង្កហេតុ មានឈ្មោះជួប ភារុន ហៅក្រឹម អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះក្រូច គ្រាន់ អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកក្រូច គ្រាន់ ជាឪពុកបង្កើត បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ កូនប្រុសរបស់គាត់ត្រូវជំងឺរើឡើង (សតិមិនល្អ) លុះគ្រាន់តែប្រទះឃើញគាត់ជាឪពុកចូលដល់ផ្ទះភ្លាម ក៏បានស្ទុះទៅទាញកាំបិតខ្វែវ
និងកូនកាំបិតចិតបន្លែដេញកាប់ចាក់គាត់ តាំងពីយប់ តែងសំណាងល្អ គាត់បានរត់គេចចេញទាន់។ លុះរហូតដល់ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល៧ព្រឹក កូនប្រុសខាងលើ
បានយកសាំង២ដបទឹកសុទ្ធ ស្មើនឹង១លីត្រ ព្រមទាំងយកចំបើងមកដាក់គរនៅក្រោមផ្ទះទៀតផង ពោលគឺបំណងដុតផ្ទះរបស់គាត់ចោលតែម្តង ទើបធ្វើឱ្យគាត់ភ័យឆោឡោ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ខាងលើភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានចុះដល់កន្លែងកើតហេតុ និងបាននាំយក ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកព្រៃឈរខេត្តកំពង់ចាម។
ដោយបានការអនុញ្ញាតពីលោកព្រះរាអាជ្ញា សមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ ប្រភព៖ នគរធំ