ខេត្តកំពង់ឆ្នាំង ៖ ពីធីបុណ្យទន្លេនៅទីរួមខេត្តកំពង់ឆ្នាំងលើកទី៥ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមីនាខាងមុខឆាប់ៗនេះគេរំពឹងទុកជាមុនថានឹងទទួលបាននូវភាពជោគជ័យនិងដោយរលូន
ប៉ុន្ដែបើយើងងាកក្រឡេកមកមើលការតុបតែងលំអរផ្សេងៗដូចជាតាមក្លោងទ្វារជាដើមនោះយើងឃើញថាអាជ្ញាធរខេត្តនេះហាក់ដូចមានភាពខ្ជីខ្ជាខ្លាំងណាស់
សូម្បីតែឈ្មោះថ្នាក់ដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីក៏គេសរសេរខុសដែរ គឺបែរជាសរសេរ ថា សម្ដេចតេជោហ៊ុន សេន ទៅវិញ ។
ពាក្យនេះត្រូវបានក្រុមការងារសរសេរដាក់នៅលើក្លោងទ្វារដែលគេរៀបចំដាក់កាត់ទទឹងផ្លូវសូម្បីដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនេះមើលឃើញ
គ្រប់ៗគ្នាមិនអាចរំលងបានឡើយ និងជាក្លោងទ្វារខ្នាតធំទៀតផង ហេតុអីក៏គេសរសេរដោយមិនយកចិត្តទុកដាក់បែបនេះទៅវិញ។
ពាក្យស្លោកដែលគេសរសេរនៅលើក្លោងទ្វារនោះ មានខ្លឹមសារថា «សម្ដេចតេជោ ហ៊ុន សេន បិតានយោបាយឈ្នះឈ្នះ និង ជាស្ថាបនិកសន្ដិភាពនៅកម្ពុជា» ពាក្យនេះត្រូវបានគេសរសេរនៅលើក្លោងទ្វារនៅពាក់កណ្ដាលផ្លូវតែម្ដង។
មហាជនបានរិះគន់ថា គេយល់ថាវាជាកំហុសបែបអចេតនាមែនហើយ ប៉ុន្ដែក៏វាស្ដែងចេញពីភាពខ្ជីខ្ជារបស់ថ្នាក់ដឹកនាំខេត្តនេះដែរ ដែលមិនបានយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនដែលជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងពិធីបុណ្យនេះ។
គេនៅចាំបានថាកាលពីចាប់ផ្ដើមតំឡើងគ្រោងឆ្អឹងក្លោងទ្វារមួយនេះមុនដំបូងធ្លាប់បានរលំបាក់សង្កត់លើកម្មកររួចម្ដងហើយដែលកាលនោះក៏មានមហាជន
ធ្វើការរិះគន់យ៉ាងចាស់ដៃរួចម្ដងមកហើយដែរ លុះមកដល់ពេលនេះមិនទាន់បានប៉ុន្មានផងស្រាប់តែលេចចេញនូវរឿងនេះមួយទៀត។
មហាជនកំពុងរងចាំមើលថាតើនៅពេលកម្មវិធីចាប់ផ្ដើមដំណើរការតើមានអ្វីកើតឡើងទៀត ។
សូមបញ្ជាក់ថា បុណ្យទន្លេលេីកទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៧ ខែមីនាឆ្នាំ២០១៩ក្រោមប្រធានបទ“ទន្លេ ផ្សារភ្ជាប់ សន្តិភាព ប្រជាជន និង ទេសចរណ៍”៕