ពីរសប្តាហ៍កន្លងទៅនេះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបាន
ចាត់វិធានការម៉ឺងម៉ាត់មួយដោយលែងឲ្យអ្នករកស៊ីនាំជ្រូកចូលពីវៀតណាមទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ។
លោកតាន់ផាន់ណារ៉ាអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានប្រាប់រស្មីកម្ពុជានៅព្រឹក ថ្ងៃទី៨ខែមីនានេះថាយើងបានដាក់វិធានការដោយសហការ
ជាមួយមន្ត្រីពេទ្យសត្វខេត្តទាំងអស់នៅជាប់ព្រំដែនវៀតណាមគឺលែងឲ្យមានជ្រូកមកពីវៀតណាមលមកជាដាច់ខាត។
បើមានលួចនាំចូលដោយប្រការណាមួយត្រូវចាប់ផាកពិន័យយ៉ាងចាស់ដៃ។ ករណីចាប់បានក៏ត្រូវឲ្យពេទ្យសត្វដែលចាប់បាននោះបូមឈាមជ្រូកដែលចាប់
នេះមកវិភាគរកមើលមេរោគ។មិនថាមេរោគប៉េស្តជ្រូកអាហ្វ្រិកទេ គឺមេរោគអ្វីក៏ដោយត្រូវតែបំផ្លាញជ្រូកនោះចោលតែម្តង។
លោកថាពីរសប្តាហ៍មកនេះក្រុមពេទ្យសត្វយើងប្រចាំនៅស្រុកតំបែរខេត្តត្បូងឃ្មុំចាប់បានជ្រូកជិត២០០ក្បាលដែលឈ្មួញលួចដឹកមកពីវៀតណាមហើយត្រូវ
បានបំផ្លាញចោលតែម្តង។អ្នកចិញ្ចឹមជ្រូកក្នុងស្រុករាប់រយកសិដ្ឋានមានការព្រួយបារម្ភរឿងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។ព្រួយខ្លាចក្រែងវាឆ្លងមកដល់កម្ពុជា។
ទន្ទឹមនេះក្រសួងបានដាក់ចេញនូវវិធានការចំនួន៤ ឲ្យក្រុមហ៊ុន ឬអាជីវករដែលធ្វើអាជីវកម្មសត្វជ្រូក និងសត្វគោ-ក្របី នាំចូល និងនាំឆ្លងកាត់កម្ពុជា ត្រូវអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌចំនួនបួន។
ក្នុងនោះ១. ជាក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីពាណិជ្ជកម្ម និងមានប័ណ្ណប៉ាតង់សុពលភាព ។២.ត្រូវមានទីតាំងប្រមូលផ្ដុំ និងបំប៉នសត្វ ដែលទទួលស្គាល់ដោយសមត្ថកិច្ចជំនាញ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
៣.ត្រូវចុះកិច្ចសន្យាបច្ចេកទេសជាមួយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងត្រូវធានាអនុវត្តកិច្ចសន្យានេះ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងការធ្វើចត្តាឡីស័កនិងទី៤,
ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់សុខភាពសត្វ នៃប្រទេសនាំចេញជាភាសាអង់គ្លេស ក្នុងពេលដឹកជញ្ជូន៕