ឆ្នេរខ្សាច់សិប្បនិមិត្តមួយ ដែលគ្រោងនឹងចំណាយប្រាក់ជិត ២ ពាន់លានដុល្លារ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណជា ២០០ ហិកតា ដែលគេបានស្គាល់ថាកែបថ្មី ស្ថិតនៅក្នុង ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នឹងលេចជារួបរាជាបណ្តើរៗហើយ ។
កែបថ្មីនេះ គឺជាតំបន់មានសក្តានុពលមួយ សម្រាប់វិស័យទេសចរណ៍ និង វិស័យឧស្សាហកម្ម ដោយសារទៅទីនោះ ក៏មានគម្រោងធំៗ ២ គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់) និង គម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ ១ ០០០ ហិកតា ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់ហើយ។
សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ស្ថាបនិកក្រុមហ៊ុន Kampot Property មានប្រសាសន៍ថា ក្នុងរយៈពេលចាប់ពី ៣ ទៅ ៥ ឆ្នាំខាងមុខ តំបន់នេះមានការពេញនិយមខ្លាំង សម្រាប់ការកម្សាន្ត ពាណិជ្ជកម្ម និង ការរស់នៅ
ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ដែលមានទំហំ ១ ០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមលើលពីនេះទៀត ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និង កំពុងរង់ចាំការវិនិយោគនៅក្នុងជំហានបន្ទាប់ ។
ឆ្នេរកែបថ្មីនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និង ប្រកបមុខរបរប្រចាំថ្ងៃ ឱ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់ប្រជាជនទូទៅនៅក្នុងតំបន់នេះ តែម្តង ៕ ប្រភព៖ ប្រជាប្រិយ