កាលពីថ្ងៃម្សិលមិញនេះ ផ្ទុះរឿងមួយដ៏គួរអោយភ្ញាក់ផ្អើលមួយនៅលើបណ្ដាញ សង្គម ហ្វេសប៊ុក បន្ទាប់ពីកីឡាករកាយវប្បកម្មពិភពលោក លោក Suphorn Sombo បានបង្ហោះសារ ដោយសុំការអន្ដរាគមន៏ ពីសម្ដេតតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធចំពោះការបាត់បង់ប្រាក់រង្វាន់លើកទឹកចិត្ដចំនួន ១០០លានរៀល។
ក្រោយពីផ្ទុះរឿងមួយនេះមក ឯកឧត្ដម អ៊ុក សុខជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានធ្វើការបកស្រាយថា៖”មិនមានបាត់លុយប្រាក់រង្វាន់អ្វីនោះឡើយ គ្រាន់តែមានការភ័ន្ដច្រឡំ និងមិនបានដឹងពីដំណើររឿង នៃការផ្ដល់ប្រាក់រង្វាន់តែប៉ុណ្ណោះ
ដោយប្រាក់រង្វាន់២០លានរៀលនេះ កើតចេញពីគោលការណ៏ស្នើរសុំពិសេស ដើម្បីកំណត់អោយដូចទៅនឹងមេដៃមាស ដែលកីឡាកររូបនេះរកបាន មិនមែនកំណត់១២០លានរៀលដូចអនុក្រឹតនោះទេ។
ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ុក សុខជាតិ បានបន្ថែមទៀតថា៖”ករណីមេដៃមាស ដែលកីឡាករកាយវប្បកម្ម ដែលកីឡាករ Suphorn Sombo ដណ្ដើមបានពីប្រទេសថៃ គឺមានវិញ្ញាសារច្រើនរហូតទៅដល់ ៥១វិញ្ញាសារ
ហើយវិញ្ញាសារខ្លះប្រកួតត្រឹមតែ ពីរទៅបីប្រកួតក៏ទទួលបានមេដៃមាសផងដែរ ហេតុនេះហើយ ទើបក្រសួងមិនបានចាប់ទុកមេដៃមាសនេះ ជាមេដៃមាសពេញលេញ ដើម្បីទទួលបានប្រាក់រង្វាន់ ១២០លានរៀលនោះទេ”។
ដោយឡែកក្រោយពីកីឡាករ កាយវប្បកម្ម លោក Suphorn Sombo បានឃើញក្រសួងអប់រំ និងកីឡា បានធ្វើការបកស្រាយបែបនេះ នៅលើគេហទំព័រ ហ្វេស ប៊ុកផេក BTV Cambodia រួចមក រូបលោកក៏បានឆ្លើយតបទៅលើរឿង ដែលក្រសួងបកស្រាយនេះថា៖”ទទួលយកមិនបានទេ និយាយមិនត្រូវទេ”៕