មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានក្រើនរម្លឹកជាថ្មីម្តងទៀត ដល់នាយ-នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរឡើងផងដែរ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំមួយនាព្រឹកថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីធ្វើការត្រួតពិនិត្យ ពង្រឹងការអនុវត្តផែនការលេខ ០៤/២០១៩ ផ.ក ស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ក្រោមវត្តមានលោកផ្កាយ៣ ហុង វិណុល មេបញ្ជាការរងប៉េអឹមលើផ្ទៃប្រទេសដោយមានការចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរទាំង៥ នាយការិយាល័យ និងជំនួយការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង-ស្រុកស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំចល័តផងដែរ។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារ សន្តិសុខ និងបង្ក្រាបបទល្មើស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ
ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា «នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់តាំងកម្លាំងឃ្លាំមើលទីតាំង ដែលលួចលាក់ប្រព្រឹត្តបទល្មើសព្រៃឈើ ឬកន្លែងដែលលួចស្តុកផល
អនុផលព្រៃឈើដោយខុសច្បាប់ និងពិនិត្យឲ្យបានច្បាស់លាស់ចំពោះអ្នកប្រព្រឹត្តបទល្មើស និងជនពាក់ព័ន្ធដើម្បីមានវិធានការតាមផ្លូវច្បាប់ឲ្យបានរឹងមាំបំផុត និងចំគោលដៅតែម្តង»។
មេបញ្ជាការរងប៉េអឹមលើផ្ទៃប្រទេស បានបន្ថែមទៀតថា «កម្លាំងអាវុធហត្ថត្រូវបន្តស្រាវជ្រាវការរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋគ្រប់រូបភាព ដែលប្រើប្រាស់រូបភាពបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរដល់ឫសគល់តែម្តង»។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានបញ្ជាក់ថា «កងកម្លាំងទាំងអស់ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវប្រមូលព័ត៌មានដើម្បីចងក្រងឯកសារច្បាប់ចំពោះជនសង្ស័យពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ធានាផ្លូវច្បាប់ទៅកាន់ស្ថាប័នតុលាការ»។
កន្លងមកជាគោលការណ៍កម្លាំងរបស់កងរាជអាវុធហត្ថតែងប្រើវិធានការអប់រំច្រើនដោយផ្នែកលើទិដ្ឋភាពសង្គម ហើយផ្តោតសំខាន់ទៅលើក្រុមឈ្មួញកណ្តាល និងបញ្ចៀសឲ្យបានចំពោះប្រជាជនដែលរកស៊ីទទួលទានមានកម្រិតតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តែក៏ត្រូវទទួលបានការអប់រំ និងធ្វើកិច្ចសន្យាផងដែរ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងថា «កងរាជអាវុធហត្ថបានត្រៀមជាប្រចាំដើម្បីចូលរួមបង្ក្រាបរាល់ការដឹកជញ្ជូនធនធានធម្មជាតិដោយខុសច្បាប់ក្មុងភូមិសាស្ត្រ។
សម្រាប់ដើមឆ្នាំ២០១៩នេះ ខេត្តកំពង់ស្ពឺ បង្ក្រាបបានបទល្មើសធនធានធម្មជាត៨ ២លើករឹបអូសបានឈើចម្រុះ ៣៤,៩៨ម៉ែត្រគូប ម៉ាស៊ីនរ៉ៃបញ្ឈរ ០២គ្រឿង និងរណាថាស ០១គ្រឿង បានប្រគល់ឱ្យទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានរក្សាទុកដើម្បីចាត់ការតាមនីតិវិធី»។
មេបញ្ជាការ ប៉េអឹមខេត្តកំពង់ស្ពឺ ប្តេជ្ញាថាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅតែបានធ្វើការបង្ក្រាបបទល្មើសធនធនធម្មជាតិដែលឈ្មួញបានលួចប្រព្រឹត្តនៅតាមតំបន់ព្រៃស្ងាត់ និងដឹកតាមរថយន្តឆ្លងកាត់តាមផ្លូវដោយខុសច្បាប់ឱ្យទាល់តែបានផងដែរ៕