ខេត្តកំពង់ឆ្នាំង ៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីកំណាចបានវ៉ៃប្រពន្ធ រហូតដល់សន្លប់ បន្ទាប់មកក៏បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខ្ទេចអស់ទាំងស្រុង និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការ តាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគរ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។
បុរសជាប្តីចិត្តកំណាច មានឈ្មោះសម្បត្តិ សុធី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឌុច ហន ហៅទ្រេន អាយុ៤២ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ មានកូនចំនួនប្រុសស្រី២នាក់ នៅក្នុងបន្ទុក។
តាមប្រភពពីអ្នកភូមិ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ ទំនងជាទើបនឹងមកពីផឹកស្រា ជក់ថ្នាំញៀនហើយ ទើបឈ្មោះសម្បត្តិ សុធី ស្រែកឡូឡា ហើយបោកទូរទស្សន៍ និងសម្ភារៈក្នុងផ្ទះ ខ្ទេចអស់។
លុះពេលស្ត្រីរងគ្រោះជាប្រពន្ធ ត្រឡប់មកពីធ្វើការរោងចក្រវិញ ស្រាប់តែប្តីកំណាចរូបនេះ ក៏ស្ទុះទៅចាប់បោចសក់ប្រពន្ធទាញទម្លាក់ពីលើគ្រែ រួចវាយដំយ៉ាងចាស់ដៃ លុះមិនទាន់អស់ចិត្ត ក៏ស្រាប់តែប្តីកំណាចបានស្ទុះទៅទាញយកអង្រែបុកគ្រឿង
វាយទៅលើប្រពន្ធចំនួន២អង្រែ បណ្តាលឱ្យសន្លប់បាត់មាត់ឈឹង រួចក៏ចាប់ផ្តើមធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្អើលដល់អ្នកភូមិព្យាយាមជួយពន្លត់ដែរ តែមិនឈ្នះ ទីបំផុត ភ្លើងក៏បានឆេះផ្ទះអស់ទាំងស្រុងតែម្តង។
ក្រោយកើតហេតុ អ្នកភូមិបានព័ទ្ធចាប់ជនសង្ស័យចិត្តកំណាចខាងលើ យកទៅប្រគល់ឱ្យសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ នគរធំ