អាជ្ញាធរខេត្តកំពង់ស្ពឺ ដែលមានឯកឧត្ដមវ៉ី សំណាង ជាអភិបាលខេត្ត រួមទាំងតំណាងក្រសួងរ៉ែ និងថាមពល ចុះផ្អាកសកម្មភាពប្រតិបត្តិការ របស់ក្រុមហ៊ុនអាជីវកម្មរ៉ែខ្សាច់
និងថ្មចំនួន៦នៅស្រុកភ្នំស្រួច ដោយសារតែក្រុមហ៊ុនទាំងនេះ បានបន្តសកម្មភាពប្រាសចាក ពីស្មារតីនៃកិច្ចព្រមព្រៀងជាមួយឯកឧត្ដមហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ កាលពីដើមខែមីនាកន្លងមកនេះ។
គួររំលឹក ថា តបតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន៧ឃុំ ក្នុងស្រុកភ្នំស្រួច អំពីផលប៉ះពាល់ដែលបណ្តាលមកពីអាជីវកម្មរ៉ែខ្សាច់ និងថ្ម ក្រុមការងាររបស់ឯកឧត្ដមហ៊ុន ម៉ានី
បានអញ្ជើញភាគីដែលពាក់ព័ន្ធរួមមាន៖តំណាងក្រសួងរ៉ែ និងថាមពល អាជ្ញាធរខេត្ត ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុន ដើម្បីពិភាក្សា ជំរុញឲ្យមានការដោះស្រាយ និងឈានទៅដល់ការអនុវត្តជាក់ស្តែង។
ការពិភាក្សាគ្នានេះបានឯកភាពនូវចំណុចមួយចំនួនរួមមាន៖ (១)សកម្មភាពនៃការកិន និងការបំផ្ទុះ មិនត្រូវធ្វើហួសពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ល្ងាច (២) ការស្រោចទឹកថ្នល់ជាប្រចាំ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវភាព
និងសុខភាពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ (៣) ការដឹកជញ្ជូនត្រូវរក្សានូវគម្លាតយ៉ាងតិច១៥០ម៉ែត្រ ពីរថយន្តមួយទៅរថយន្តមួយ និងដោយរក្សាល្បឿនយឺតបំផុតនៅក្នុងទីប្រជុំជន ហើយ (៤) ក្រុមហ៊ុនត្រូវរួមគ្នាចេញបដិភាគជួសជុលផ្លូវ ដែលរងការខូចខាតដោយសារការដឹកជញ្ជូនរបស់ខ្លួន។
យ៉ាងណាក៏ដោយ ឯកឧត្តមហ៊ុន ម៉ានី បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនានេះ ថា បើទោះជាមានការឯកភាពគ្នាក្នុងជំនួបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ រវាងភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនអាជីវកម្មរ៉ែខ្សាច់ និងថ្ម នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏ដោយក្រុមការងារយើងខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួន នៅតែបន្តសកម្មភាពប្រាសចាក ពីស្មារតីនៃកិច្ចព្រមព្រៀងខាងលើ។
ឯកឧត្ដមអ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះ បានសរសេរបញ្ជាក់នៅលើហ្វេសប៊ុកថា”ជាចំណាត់ការឆ្លើយតបទៅនឹងសកម្មភាពគគ្លើននេះ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អាជ្ញាធរខេត្ត រួមជាមួយនឹងតំណាងក្រសួងរ៉ែ និងថាមពល បានចុះផ្អាកសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនចំនួន៦ និងបានឈានទៅដល់ការព្យួរអាជ្ញាបណ្ណអាជីវកម្មរយៈពេល១ សប្តាហ៍ទុកជាការព្រមាន។
ជាមួយគ្នានេះឯកឧត្ដមហ៊ុន ម៉ានី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធ ដែលមាននូវចំណាត់ការទាន់ពេលវេលា និងប្រកបដោយភាពម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងនេះ ហើយក្រុមការងារឯកឧត្ដម ក៏សូមថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មផ្សេងៗទៀត ដែលបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងខាងលើបានយ៉ាងខ្ជាប់ខ្ជួន។
ក្រុមការងាររបស់ឯកឧត្ដមហ៊ុន ម៉ានី នឹងនៅតែបន្តតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះការអនុវត្តស្មារតី នៃកិច្ចព្រមព្រៀងខាងលើនេះ៕