កាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅថ្មីៗនេះ បុរសម្នាក់ជាឪពុករបស់ទារកអាយុជាង ១ខែ បានសម្ដែងអារម្មណ៍សោកស្ដាយពន់ពេក ព្រោះតែបាត់បង់កូនប្រុស បន្ទាប់ពីចាក់វ៉ាក់សាំង
៣ម្ជុលនៅមជ្ឈមណ្ឌលគាំពារមាតា និងទារក ឬហៅមន្ទីរពេទ្យជប៉ុន ក្បែរវត្តភ្នំ រហូតដល់រំលងអាធ្រាត្រក្មេងនោះបានហូរឈាមតាមច្រមុះលែងដឹងខ្លួន។
ឪពុករូបនោះបាននាំកូនទៅឲ្យមន្ទីរពេទ្យខាងលើព្យាបាលវិញ តែត្រូវសន្តិសុខប្រចាំមន្ទីរពេទ្យមិនឲ្យចូលដោយប្រាប់ថា ខាងមន្ទីរពេទ្យមិនមើលជំងឺទេ ទទួលតែអ្នកសម្រាលកូនប៉ុណ្ណោះ។
ក្រោយមកខាងសន្តិសុខក៏បានប្រាប់ឲ្យយកក្មេងទៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ពេលទៅដល់ ពេទ្យទីនោះប្រាប់ថា កូនស្លាប់ហើយ។ ការស្លាប់បែបនេះបានធ្វើឲ្យបុរសជាឪពុកមិនអស់ចិត្ត និងងឿងឆ្ងល់ជាខ្លាំង ព្រោះកូនប្រុសមិនបានឈឺអ្វីសោះ បែរជាស្លាប់ក្រោយពេលចាក់វ៉ាក់សាំងទៅវិញ។
បន្ទាប់ពីពើបប្រទះករណីដូច្នេះ ខាងមន្ទីរពេទ្យបានចេញមកបញ្ជាក់ថា៖ ទារកឈ្មោះ ធី ម៉េងហួរ ភេទប្រុស អាយុ១ខែកន្លះ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផាវេលាម៉ោង ២យប់ នាថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសភាពបានស្លាប់រួចហើយ។
ពេលនោះ គ្រូពេទ្យបានពិនិត្យឃើញថា ទារកនោះស្ថិតសភាពស្វាយ និងត្រជាក់ខ្លួនប្រាណទាំងមូល មិនមានចលនាដកដង្ហើម មិនមានសម្លេងបេះដូងដើរពេលស្តាប់នឹងឧបរណ៍ស្ទង់បេះដូង។
ទោះបីជាដូចនេះក៏ដោយ ក៏គ្រូពេទ្យបានសាកល្បងជួយសង្គ្រោះជាបន្ទាន់ ដោយធ្វើរំញោចចង្វាក់បេះដូង និងផ្តល់ជំនួយការដកដង្ហើម តែជាអភ័ព្វ ទារកនោះបានបាត់បង់ជីវិតមិនអាចជួយសង្គ្រោះបានឡើយ។
តាមការរៀបរាប់របស់ម្តាយទារកថា បាននាំកូនខ្លួនទៅទទួលការចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យជប៉ុន (មជ្ឈមណ្ឌលគាំពារមាតា និងទារក) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រោយពីចាក់ថ្នាំបង្ការរួច កូនគាត់មានសុខភាពធម្មតា មិនមានក្តៅខ្លួន បៅ និងគេងលក់ធម្មតា រហូតដល់ប្រហែលម៉ោង១កន្លះរំលងអាធ្រាត ទើបគាត់ភ្ញាក់ឡើង ស្រាប់តែឃើញកូនស្ថិតក្នុសភាពស្វាយខ្លួន មិនដកដង្ហើម និងមានឈាមតិចៗតាមរន្ធច្រមុះ។
ទីបំផុតគាត់ក៏ប្រញាប់នាំកូនមកមន្ទីរពេទ្យគន្ធបុប្ផាជាចុងក្រោយ។ ក្នុងស្ថានភាពដូចរៀបរាប់ខាងលើ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានសន្និដ្ឋានថា ការស្លាប់នៃទារកខាងលើ គឺមានរោគវិនិច្ឆ័យ អាចជាជំងឺស្លាប់ភ្លាមៗនៃទារក (le syndrome de la mort subite du nourrison)។
តាមឯកសារយោង នៅប្រទេសបារាំង ទារកស្លាប់ភា្លមៗ ដោយមិនដឹងមូលហេតុបែបនេះ មានប្រហែល ២៥០ទារក ក្នុងមួយឆ្នាំ។ គេសង្កេតឃើញថា ពេលថ្ងៃទារកមានសុខភាពល្អ មិនមានក្តៅខ្លួន បៅធម្មតា តែពេលទារកគេងលក់ ស្រាប់តែស្លាប់ដោយពុំមានសញ្ញាឱ្យដឹងជាមុនឡើយ។
វាគឺជាមូលហេតុទី១ ដែលបណ្តាលឱ្យទារកមានអាយុពី១ខែ ទៅ១ឆ្នាំស្លាប់ ហើយច្រើនកើតលើក្មេងប្រុសច្រើនជាងក្មេងស្រី។
យោងតាមបទពិសោធន៍នៃវេជ្ជសាស្រ្តរោគកុមារ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បានសន្និដ្ឋានថា ការស្លាប់របស់ទារកធី ម៉េងហួរ និងការទទួលថ្នាំបង្ការ អាចគ្រាន់តែជាពេលគាប់ជួនកើតលើថ្ងៃតែមួយតែប៉ុណ្ណោះ ពុំមានការទាក់ទងជាមួយវ៉ាក់សាំងទេ។
មន្ទីរពេទ្យគន្ធបុប្ផាសូមចូលរួមសោកស្តាយ និងរំលែកទុក្ខ នូវការបាត់បង់ទារកដ៏គួរឱ្យស្រឡាញ់នេះផង និងសូមឱ្យក្មួយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ (មន្ទីរពេទ្យគន្ធបុប្ផា)
សូមជម្រាបជូនថា វ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃក្រសួងសុខាភិបាល ជាប្រភទវ៉ាក់សាំង ដែលទទួលស្គាល់គុណភាព និងសុវត្ថិភាពដោយអង្គការសុខភាពពិភពលោក និងនាំចូលមកកម្ពុជាដោយអង្គការយូនីសេហ្វ ថែមទាំបានផ្តល់ដល់កុមារប្រមាណ ៤សែននាក់ជារៀងរាល់ឆ្នាំ។ ជាធម្មតាក្រោយទទួលវ៉ាក់សាំងកុមារតែងមានអាការៈក្តៅខ្លួន និង អាចមានការឈឺចាប់នៅកន្លែងចាក់ នៅ៣ ទៅ ៤ម៉ោងក្រោយ ហើយវានឹងបាត់ទៅវិញដោយឯកឯង៕ (អត្ថបទ៖MorningFresh)