ក្រសួងមហាផ្ទៃ និងក្រសួងការងារ កាលពីថ្ងៃទី០១ មីនា ម្សិលមិញ បានប្រកាសដោយទុករយៈពេលតែ១ខែប៉ុណ្ណោះ សម្រាប់ជនបរទេសដែលកំពុងបំរើការនៅក្នុងប្រទេសកម្ពុជា
ដោយគ្មានបណ្ណការងារ បើមិនទៅ បំពេញកាតព្វកិច្ច ចុះបញ្ជីការងារស្របតាមច្បាប់ ទេ ក្រសួងនិង ចាត់វិធានការតឹងរ៉ឹងតាមច្បាប់ ។
លោកនាយឧត្ដមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ របស់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីកា
រងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះ នៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។
នាយឧត្តមសេនីយ៍ សុខ ផល ក៍បានឲ្យដឹងផងដែរថា ប្រសិនបើពលករបរទេសណា នៅតែបន្ដរឹងរុះមិនព្រមបង់ពិន័យ នឹងប្រឈមជាមួយ
ទោសទណ្ឌខាងផ្លូវតុលាការដោយដាក់ពន្ធនាគាររយៈពេល៣ខែ រួចបណ្ដេញចេញពីកម្ពុជាតែម្ដង ឬម្យ៉ាងទៀត មិនដាក់ពន្ធនាគារទេ តែបណ្ដេញចេញតែម្ដង ដោយផ្អែកតាមច្បាប់អន្ដោប្រវេសន៍ ។
ជាមួយគ្នាលោក សេង សក្ដា ក៏បានថ្លែងជំរុញឲ្យពលករបរទេសទាំងអស់ មកធ្វើប័ណ្ណ និងសៀវភៅការងារនៅក្នុងឆ្នាំ២០១៧ ឲ្យបានរួចរាល់ ហើយ
បើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ , ប៉ុន្ដែក្រសួងទាំង២មិនទាន់ធ្វើការផាកពិន័យនោះទេ គឺទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ច។
លោក បញ្ជាក់ថា ប្រសិនបើពលករបរទេសទាំងនោះ មិនបានមកធ្វើសៀវភៅការងារ ឬបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ ដែលក្នុងមួយឆ្នាំមាន
តម្លៃ៤០ម៉ឺនរៀលនោះ ក្រសួង នឹងធ្វើការផាកពិន័យទៅតាមច្បាប់ ដោយកំណត់ផាកពិន័យពី៦០ថ្ងៃ ទៅ៩០ថ្ងៃ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ពោលគឺកំណត់ក្នុងមួយថ្ងៃ៤ម៉ឺនរៀល។
ការប្រកាសបន្ទាប់ពីបានរកឃើញថា បច្ចុប្បន្នមានជនបរទេសប្រមាណជាង១០ម៉ឺននាក់ កំពុងបំរើការងារដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យរដ្ឋបាត់បង់ចំណូលប្រមាណ២០លានដុល្លារ ក្នុងមួយឆ្នាំ។