ប្រភពព័ត៌មានដដែលទទួលបានពីមន្ត្រីនគរបាលចរាចរផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា រាល់ថ្ងៃនេះ មានមន្ត្រីមានតួនាទីជានាយរងការិយាល័យចរាចរជើងគោកម្នាក់ និងនាយរងផ្នែកចំនួនពីរនាក់
បានបង្ខិតបង្ខំកូនចៅថ្នាក់ក្រោមឱ្យបង់លុយដាក់ខែ និងបង់ប្រាក់ប្រចាំថ្ងៃ ដល់ពួកគេជាថ្នូរបានឈរជើងកន្លែងខ្លាញ់ ឬល្អមានលុយចូលរាល់ថ្ងៃ។
ក្នុងនោះយ៉ាងតិចក៏មានស្តុបជាង ២០គោលដៅដែរ ដែលមន្ត្រីនគរបាលនីមួយៗ ត្រូវបង់លុយប្រចាំខែចាប់ពី ១៥០ដុល្លារ ទៅ២០០ដុល្លារអាមេរិក។
ហើយថា ករណីនេះ ប្រសិនបើមាននរណាម្នាក់មិនលុយបង់ជូនមេៗទាំងនោះទេ ត្រូវគេដកបញ្ឈរជើង ឬធ្វើបាបកៀបសង្កត់គ្រប់បែបយ៉ាង ។
យ៉ាងនេះក្តី លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រូបលោកនឹងធ្វើការស្រាវជ្រាវរឿងនេះ។
នៅក្នុងលិខិតមន្ត្រីប៉ូលិសចរាចរ មានឋានៈតូចតាច ដែលធ្លាប់រងនូវការធ្វើទុក្ខទោស ពីសំណាក់មេៗថ្នាក់លើ ដែលសុំមិនបញ្ជេញឈ្មោះ បានសរសេររៀបរាប់អំពីទុក្ខលំបាក របស់ខ្លួន ដែលត្រូវគេធ្វើបាបកៀបសង្កត់ឱ្យបង្ខំឱ្យបង់លុយប្រចាំខែ និងប្រចាំថ្ងៃឲ្យមេៗ ។
លិខិតដដែលនេះសរសេររាប់ឈ្មោះគោលដៅ និងឈ្មោះមេប៉ូលិសបង្ខំកូនចៅ ដាក់លុយបង់ខែ និងបង់លុយប្រចាំថ្ងៃ ឲ្យមេៗទាំងនោះ។ ការបង្ខំបែបនេះសូម្បីតែនគរបាលចរាចរណ៍ជាប់កិច្ចសន្យា ក៏តម្រូវឲ្យបង់លុយដូចនគរបាលចរាចរមានក្របខណ្ឌដែរ ។
មន្ត្រីនគរបាលចរាចរ ដែលមានរឿងអាស្រូវពុករលួយ រួមមាន៖ លោក ហ៊ុល សារ៉ាត់ តួនាទីជានាយរងការិយាល័យប៉ូលិសចរាចរជើងគោក រាជធានីភ្នំពេញ។ លោក អេង កក្កដា នាយរងផ្នែកបញ្ជាចរាចរក្រុងភ្នំពេញ។ លោក សូត្រ សំអាត នាយរងផ្នែកបញ្ជាចរាចរក្រុងភ្នំពេញ។
លោក ហ៊ុល សារ៉ាត់ និងលោក សូត្រ
សំអាត ជាមនុស្សពូកែស៊ីដាច់លុយកាក់ ដែលគេឧបត្ថម្ភក្នុងកម្មវិធីបុណ្យទានម្តងៗ សម្រាប់ចែកជូនដល់កូនចៅថ្នាក់ក្រោម ជាពិសេសធ្វើបាបមន្ត្រីនគរបាលចរាចរអត់លុយបង់ខែ និងថ្ងៃ ជូនខ្លួន ។
ចំណែកគោលដៅដាក់ឱ្យមន្ត្រីនគរបាលឈរជើងសម្រាប់រកលុយបង់ប្រចាំខែ និងបង់ប្រចាំថ្ងៃជូនអស់លោកមេៗនោះដូចជា៖ ផ្លូវស្តុបសាលដឺហ្គោល- ស្តុបហ្សង់កុង- ស្តុបនាងហ៊ីង- ស្តុបក្ដាន់ពីរ- ស្តុបសេរីភាព- ស្តយបសន្ធរម៉ុក-
កន្លែងJVC- ផ្លូវលេខ១០៦មុខរ៉ារថយន្តភ្លើង- ស្តុបចេនឡា- ស្តុបចម្ការមន- ស្តុបចតុមុខ- ផ្លូវលេខ២៩៤ស្តុបជិតវិមានឯករាជ្យ- ស្តុបទូតចិន- ស្តុបផ្លូវ៣៧១- ស្តុបនេរុដេអ៊ិន- សម្តេចសង្ឃជួនណាត- ស្តុបរោងកុនលុច្ស- ស្តុបអាកាសចរណ៍- ស្តុបនាគបាញ់ទឹក- ស្តុបជិតទូតវៀតណាមលេខ៤៣២- ស្តុបទួលគោកចាស់- ស្តុបនាគវ័ន្ត និងគោលដៅឯកទិស (ជាប់ទីស្តីការគណៈរដ្ឋមន្ត្រី ជិតផ្សារបាយ័ន)..។ល។
គោលដៅជាង២០កន្លែង ដែលមន្ត្រីនគរបាលមានតួនាទីខ្ពស់លក់ទៅឱ្យក្រុមកមន្ត្រីនគរបាលខិលខូចមួយចំនួននោះ ត្រូវបានប្រភព បញ្ជាក់អះអាងថា មានអ្នកខ្លះលក់គោលដៅឈរជើងពី ១០០ដុល្លារ ទៅ ២០០ដុល្លារ។ ហើយថា អ្នកដែលគ្មានលុយបង់មេៗទេ គឺគ្មានសិទ្ធិទៅឈរជើង នៅគោលដៅល្អៗ អាចរកលុយបានទាំងនោះឡើយ សូម្បីតែមន្ត្រីនគរបាលជាប់កិច្ចសន្យា ដែលគ្មានក្របខណ្ឌសោះ ក៏មេៗ បង្ខំឲ្យបង់លុយដែរ។
ប្រភពដដែលបន្តថា លោក ហ៊ុល សារ៉ាត់ ពូកែរៀបគម្រោងស៊ីដាច់លុយកូនចៅ នៅពេលមានកម្មវិធីបុណ្យទានផ្សេងៗ។ មានន័យថា បើសិនមានកម្លាំងនគរបាលចរាចរតែ៣០នាក់ ប៉ុន្តែបែរជាដាក់លើសចំនួនកម្លាំងពិត រហូតដល់ចំនួន៥០នាក់ក៏មានដែរ នៅពេលម្ចាស់កម្មវិធីឧបត្ថម្ភលុយ ឲ្យមន្ត្រីនគរបាលចចរសម្រាប់ចែកគ្នា គឺស៊ីដាច់តែម្តង។
ជាងនេះទៀត សម្រាប់មន្ត្រីនគរបាលទាំងឡាយណា ដែលគ្មានលុយបង់ឲ្យមេៗទេ ពេលបាត់មុខបន្តិចបន្តួច ត្រូវមេកោះហៅមកដាក់វិន័យតាមតែអំពើចិត្ត។ ប៉ុន្តែចំពោះក្រុមនគរបាលចរាចរ ដែលបង់លុយឲ្យមេៗវិញ គឺចង់បាត់មុខពីការងារ ចាប់ពីរបីថ្ងៃ ទៅមួយអាទិត្យ ក៏គ្មាននរណា ឬមេណាឈឺក្បាលដែរ។
ផ្តើមពីបញ្ហានេះ មន្ត្រីនគរបាលចរាចរមានឋានៈទាប បានសំណូមពរដល់ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍។ ជាពិសេស លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើជួយមានវិធានការ ចំពោះក្រុមមេៗនគរបាលចរាចរ តម្រូវឲ្យកូនចៅដាក់ខែ និងដាក់ថ្ងៃនេះ ឲ្យបានឆាប់ និងឲ្យមានប្រសិទ្ធភាពផង។
ប្រភពព័ត៌មានដដែល បានអះអាងថា រាល់ថ្ងៃនេះ មានមន្ត្រីចន្លោះពី ៣០០នាក់ ទៅ៤០០នាក់ ដែលពួកគេមិនបានបង់លុយជូនមេៗនោះ គឺពួកគេមិនពេញចិត្ត ចំពោះទង្វើអាក្រក់ របស់មេៗនគរបាលចរាចរមួយចំនួននោះទេ ។ហើយថា ករពីនេះ ប្រសិនបើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាចដោះដូរ បានគួរតែដកមេៗនគរបាលចរាចរ ធ្វើទង្វើខុសឆ្គងទាំងនោះចេញទៅ...។
យ៉ាងណាក៏ដោយចុះ ស្នងការនគរបាលរាជធានីភ្នំពេញលោក ស ថេត បានឲ្យដឹងនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះថា លោកនឹងស្រាវជ្រាវរឿងនេះ។លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក ពុំទាន់អាចទាក់ទងសុំការបំភ្លឺ ជុំវិញបញ្ហាខាងលើបានទេ តាមទូរស័ព្ទ ព្រោះពុំមានអ្នកលើទទួល កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។
ចំណែកលោក ហ៊ុល សារ៉ាត់ នាយរងការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដែលមាន
ឈ្មោះ ត្រូវកូនចៅចោទប្រកាន់ នៅក្នុងលិខិតដែរ។ លោក បានបដិសេធថា ការចោទប្រកាន់មកលើរូបលោកមិនពិតទេ។ ពីព្រោះនគរបាលចរាចរទាំងអស់ ឈរជើងមិនមែនអចិន្ត្រៃយ៍ឡើយ មានការផ្លាស់ប្តូរវិលជុំគ្នាជារៀងរាល់ខែជារហូត ។
លោកបន្តថា មានគោលដៅកាន់ចំនួន ១២គោលដៅ គឺចាប់ពី ស្តុបអង្គឌួង រហូតដល់ស្តុបជលផល ខណ្ឌចម្ការមន ជាប់របងក្រសួងកសិកម្ម ។
រីឯលោក សូត្រ សំអាត នាយរងផ្នែកបញ្ជាចរាចរ នៃការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដែលមានឈ្មោះនៅក្នុងលិខិតចោទប្រកាន់នោះដែរ ក៏បានបដិសេធដូចគ្នា លោក ហ៊ុល សារ៉ាត់ ដែរ។ លោក សូត្រ សំអាត បានចាត់ទុករឿងចោទប្រកាន់ខាងលើនេះថា ទំនងជាកូនចៅថ្នាក់ក្រោម របស់លោក មានការថ្នាំងថ្នាក់ ពេលរូបលោកដាក់វិន័យដល់ពួកគេធ្វើខុស។ លោកមិនបានបង្កើតបក្ខពួក យកលុយកាក់អ្វីនោះទេ។ សម័យនេះទៅហើយ បើយើងអ្វីខុសគេថតបង្ហោះដាក់ពេញហ្វេសប៊ុកឥឡូវហ្នឹង៕