ខេត្តកំពង់ធំ ៖ ម៉ូតូមួយគ្រឿងជិះគ្នា២នាក់បានទៅបុកគូទរថយន្តដែលកំពុងតែឈប់ចតលើទ្រូងផ្លូវ បណ្តាលឱ្យដួលខ្ទាតទៅកណ្តាលផ្លូវ ហើយត្រូវបានរថយន្ត១គ្រឿងទៀតបើកមកក្នុងទិសស្របគ្នាកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៩នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចំណុចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូមួយគ្រឿងជិះគ្នា២នាក់ម៉ាកហុងដា ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវៃង ១E-០៤០៤ ជិះទៅបុកគូទរថយន្តពណ៌ខៀវ មិនស្គាល់ស្លាកលេខ ដែលកំពុងតែឈប់ចតលើទ្រូងផ្លូវ ហើយដួលខ្ទាតទៅកណ្តាលផ្លូវ ត្រូវបានរថយន្ត១គ្រឿងទៀតបើកបរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដែលឈប់ចតនៅលើទ្រូងផ្លូវនោះបានបើករថយន្តគេចបាត់ស្រមោល ចំណែករថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាពីក្រោយ ហើយបានកិនម៉ូតូដែលដួលលើទ្រូងផ្លូវ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នោះ ក៏បានបើកគេចបាត់ពីកន្លែងកើតហេតុផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា!គ្រោះថ្នាក់ចរាចរណ៍ខាងលើ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងរថយន្តឈប់លើទ្រូងផ្លូវគ្មានដាក់សញ្ញាសម្គាល់។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះម្នាក់ទៀតត្រូវប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕