រាជធានីភ្នំពេញ ៖ បន្ទាប់ពីមនុស្សម្នាជាច្រើនកុះករ បានបន្តប្រជ្រៀតគ្នាពីគ្រប់ទិសទី សម្រុកមកវិទ្យាស្ថានប៉ាស្ព័រកម្ពុជាជិតពីរសប្ដាហ៍មក ពេលនេះក្រសួងសុខាភិបាលបានបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការ ការពារជំងឺឆ្កែឆ្កួតខាំ មួយកន្លែងទៀត នៅខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋរស់នៅខេត្តភាគឥសាន្តទៅទទួលវ៉ាក់សាំងការពារជំងឺនេះបានគ្រប់ៗគ្នា ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអោយឹងថា មជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នឹងចាប់ដំណើរការ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលមានទីតាំងបណ្តោះអាសន្នក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម ។
ការបង្កើតមជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅខេត្តកំពង់ចាមនេះ គឺក្រសួងសុខាភិបាលបានធ្វើការពិភាក្សាជាមួយវិទ្យាស្ថានប៉ាស្ទ័ររួចរាល់ហើយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ និងខេត្តស្ទឹងត្រែង ទៅទទួលវ៉ាក់សាំងនេះ ដោយមិនចាំបាច់ធ្វើដំណើរមកទីក្រុងភ្នំពេញដូចមុនទៀតឡើយ ។
ហានិភ័យនៃការឆ្លងជំងឺឆ្កែឆ្កួតនៅកម្ពុជាមានកម្រិតខ្ពស់ ប៉ុន្តែប្រជាជនកម្ពុជា ពុំសូវជាបានយកចិត្តទុកដាក់អំពីរឿងនេះឡើយ រហូតដល់មានវីដេអូមួយបង្ហាញពីក្មេងស្រីម្នាក់ អាយុ១១ឆ្នាំ នៅខេត្តស្វាយរៀង បានបាត់បង់ជីវិតដោយសារតែជំងឺនេះ បន្ទាប់ពីត្រូវបានសត្វឆ្មាខាំ ។ ដោយសារសេចក្តីភ័យខ្លាច ប្រជាជនកម្ពុជារាប់ពាន់នាក់សម្រុកបជ្រៀតគ្នា ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ។
ប្រជាជនជាច្រើនដែលបានមកវីទ្យាស្ថានប៉ាស្ទ័រ ត្រូវបានឆ្កែឆ្មាខាំ ឬក្រញ៉ៅ តាំងពីយូរមកហើយ តែពួកគាត់នៅតែទាមទារមកចាក់វ៉ាក់សាំង ព្រោះតែសេចក្តីភ័យខ្លាចរបស់ពួកគាត់ចំពោះជំងឺឆ្កែឆ្កួត មួយនេះ ។
ពិតជា មិនអាចប្រកែកបានឡើយ វីដេអូមួយដែលត្រូវបានបង្ហោះទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានឥទ្ធិពលខ្លាំងជាងសេចក្តីប្រកាសរបស់រដ្ឋាភិបាល ឬក្រសួងសុខាភិបាលទៅទៀត ៕ ប្រភព៖ kbn.news