យុវតីរូបស្រស់សោភាម្នាក់ ទើបមានអាយុតែ១៧ឆ្នាំប៉ុណ្ណោះ តាមការឲ្យដឹង ទំនងជាម្ដាយបង្ខំចិត្តឲ្យរៀបការជាមួយកំលោះដែលជាសាច់ញាតិខ្លួន
ព្រោះខ្លាចបែកទ្រព្យ ដោយឮថា ខាងប្រុសមានទ្រព្យធន់គួរសម តែនាងមិនស្រឡាញ់ ទើបនាងសម្រេចចិត្តគេចខ្លួន ដើម្បីដកឃ្លានិយាយគ្នាជាមួយឪពុកម្ដាយក្រុមគ្រួសារឲ្យបានច្បាស់លាស់សិន
ព្រោះថាសម័យនេះទៅហើយ មិនអាចយកទំនៀមទម្លាប់ទ្រឹស្ដី នំ មិនធំជាងនាឡិ ដូចកាលពីសម័យទុំទាវមកគ្របសង្កត់លើកូនបានទៀតទេ។
ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីស្ត្រីជាម្ដាយ និងក្រុមគ្រួសារ នាំគ្នាមកពីស្រុកកំណើតនៅខេត្តព្រៃវែង
តាមមករកកូននៅភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយរបងសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យុវតីដែលគេចខ្លួនពីគំនាបរបស់ម្ដាយ មានឈ្មោះ អ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងក្រអូប នៅផ្សារបឹងត្របែកផ្លាហ្សា
ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ។ រីឯស្ត្រីជាម្ដាយមាន ឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេច ខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
បើតាមសម្ដីស្ត្រីជាម្ដាយយុវតីនេះ បានប្រាប់ឲ្យដឹងថា យុវតីរូបនេះនៅសល់តែ៨ថ្ងៃទៀតទេ គឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នឹងត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃ មិនដឹងដំណឹងសោះ ទើបធ្វើឲ្យរូបគាត់ជាម្ដាយមានការព្រួយបារម្ភជាខ្លាំង និងបានទាក់ទងបងប្អូនក្រុមសមត្ថកិច្ចឲ្យជួយស្រាវជ្រាវស្វែងរក។
ប្រភពបន្ដថា លុះក្រោយមករំលងបានប្រហែលជាង២ម៉ោង ស្រាប់តែឮដំណឹងតាមរយៈវិទ្យុABCផ្សាយថា យុវតីខាងលើ បានគេចខ្លួនពីម្ដាយ និងសុំទៅស្នាក់នៅបណ្ដោះអាសន្នសិន ទើបធ្វើឲ្យស្ត្រីជាម្ដាយធ្វើដំណើរស្កាត់ទៅជួបកូនស្រីទាំងយប់តែម្ដង។
តែមិនដឹងថា យុវតីខាងលើមានបញ្ហាអ្វីឲ្យពិតប្រាកដនោះទេ បែរជាមិនព្រមជួបម្ដាយរបស់គេ ថែមទាំងផ្ដាំផ្ញើឲ្យម្ដាយ និងបងប្អូនត្រឡប់ទៅផ្ទះវិញថែមទៀតផង។
បច្ចុប្បន្នយុវតីខាងលើបាននិងកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងស្ថានីយវិទ្យុABC ចំណែកឯម្ដាយនិងបងប្អូនបានត្រឹមត្រឡប់ទៅផ្ទះវិញសិន រង់ចាំស្ដាប់ការបកស្រាយបញ្ហានេះនៅពេលក្រោយ។
បើយោងតាមប្រភពពីប្រិយមិត្តអ្នកខមិនក្នុងបណ្ដាញសង្គមហ្វេសប៊ុកហាក់ដូចជាដឹងរឿងនេះច្បាស់បាននិយាយថា មូលហេតុដែលនាងគេចខ្លួន ដោយសារម្ដាយបង្ខំឲ្យនាងរៀបការជាមួយសាច់ញាតិខ្លួនឯង ព្រោះខ្លាចបែកទ្រព្យ ទើបនាងគេចខ្លួនបែបនេះ៕