កំពង់ចាម ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការនគរបាលស្រុកស្ទឹងត្រង់ចាប់ខ្លួន ពីបទប្រើអំពើហិង្សា និងគំរាមសម្លាប់នារីរងគ្រោះ ព្រោះតែខ្លួនខឹងដណ្តឹងនាងមិនបាន។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា នៅថ្ងៃទី04 ខែមីនា ឆ្នាំ2019 វេលាម៉ោង6និង30នាទី លោកបានទទួលព័ត៌មានពីលោកអធិការនគរបាលស្រុកព្រៃឈរ តាមរយៈទូរស័ព្ទ ថា នៅព្រឹកថ្ងៃទី04មីនា វេលាម៉ោង6 និង20នាទី មានឈ្មោះ មុត ឡេង ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារA.B.Aស្រុកចំការលើ បានស្ទាក់ចាប់នារីឈ្មោះ( វ ល) អាយុ25ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិកន្លែងលិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ជាបុគ្គលិកធនាគារ អេស៊ីលីដា ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលបានជួលបន្ទប់ស្នាក់នៅក្នុងភូមិត្នោតតាសាយ ឃុំព្រែកក ក់ស្រុកស្ទឹងត្រង់ យកទៅវាយធ្វើបាប។
លោកអធិការបានបន្តថា ក្រោយពី បានទទួលព័ត៌មាននេះភ្លាម លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ចុះស្រាវជ្រាវអង្កេត រហូតដល់បន្ទប់ជួលរបស់ជនរងគ្រោះ។
ជនរងគ្រោះបានរាយការណ៍ឲ្យដឹងថា ឈ្មោះ មុត ឡេង បានចាប់ខ្លួននៅតាមផ្លូវ បង្ខំឲ្យជិះម៉ូតូជាមួយ ឌុបយកចូលដល់ក្នុងបន្ទប់ជួល ហើយបានធ្វើសកម្មភាពទាត់ធាក់ជាច្រើនជើង និងច្របាច់កហើយយកកាំបិតចិតបន្លែគំរាម អារ.ក ទៀត និងបានបោកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកវីវ៉ូបណ្តាល ឲ្យខូចខាត01គ្រឿង។
បន្ទាប់មក សមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មុត ឡេង ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី។
ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យខឹងដណ្តឹងនាងមិនបាន ហើយក៏ធ្លាប់គំរាមមិនឲ្យនាងជាជនរងគ្រោះ ទាក់ទងជាមួយបុរសផ្សេងទៀតឡើយ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបំពេញសំណុំបែបបទតាមនីតិវិធី៕ ប្រភព៖ កម្ពុជាថ្មី