សព្វថ្ងៃនេះគេសង្កេតឃើញថាអ្នកដែលមានលទ្ធភាពក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើភាគច្រើនសុទ្ធជាមន្ដ្រីមានបុណ្យស័ក្ដិមានអំណាចទើបអាចធ្វើរឿងនេះបាន យ៉ាងណាមិញមេឈ្មួញឈើ
ឈ្មោះ ស្រ៊ុន ផឹងឡាយ ដែលមានលទ្ធភាពដឹកឈើចេញទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូនទាំងយប់ទាំងថ្ងៃនោះក៍ជាមន្ដ្រីកងរាជអាវុធហត្ថម្នាក់ដែរនៅក្នុងអង្គភាពទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។
មនុស្សសំខាន់ៗពីរនាក់ដែលជាខ្នងបង្អែកដ៍រឹងមាំនិងជាអ្នកចាំជួយជ្រោមជ្រែងសកម្មភាពបទល្មើសព្រៃឈើ ដឹកចេញទៅស្រុកយួនបានដោយសុខស្រួលនោះគឺទី១
មានលោកវ៉ា សារីទ្ធ មេបញ្ជាការកងរាជអាវុធហត្តខេត្តត្បូងឃ្មុំ ទី២ គឺលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ។ បទល្មើស ឈើបើអស់លោកពីរនាក់នេះបើកដៃហើយនៅតំបន់តើអ្នកណាទៅហ៊ានក្អកទៅ ។
ហេតុដូច្នេះហើយបានជាមានមតិមហាជានតែងលើកឡើងថាបទព្រៃឈើមានតែក្រុមអ្នកមានអំណាចនិងបុណ្យស័ក្ដិនេះហើយគឺជាអ្នកបំផ្លាញនោះ ។
ប្រភពបានឲ្យដឹងថា លោក ស្រ៊ុន ផឹងឡាយ ហ៊ានធ្វើបែបនេះ ព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នរបស់ខ្លួននោះផងដែរ។
ជាពិសេស លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ គឺជាខ្នងបង្អែកយ៉ាងរឹងមាំរបស់លោក ស្រ៊ុន ផឹងឡាយ ទើបឈ្មួញម្នាក់នេះអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនបានយ៉ាងរលូន ដោយគ្មានមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថាលោក ស្រ៊ុន ផឹងឡាយ តែងយកឈ្មោះលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ទៅប្រើដើម្បីសម្រួលដល់សកម្មភាពបទល្មើសដឹកឈើរបស់ខ្លួន ចេញទៅស្រុកយួនបានយ៉ាងស្រួល។ ជាងនេះទៅទៀតលោក ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំផងដែរ ទើបលោក គឹម ឈុនលី មិនដែលហ៊ានប៉ះពាល់ឈ្មួញម្នាក់នេះសោះ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះមន្ត្រីអាវុធហត្ថខេត្តត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹងឡាយ កំពុងក្លាយជាឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងក្រអឺតក្រទម។
សកម្មភាពនេះ ប្រសិនបើគ្មានលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជាខ្នងបង្អែកដ៏រឹងមាំទេនោះ លោក ស្រ៊ុន ផឹងឡាយ ក៍មិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះបានឡើយ។
សូម្បីតែលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងជំនួសលោក លី ឡេង កាលពីពេលថ្មីៗនេះ ក៏រក្សាភាពស្ងៀមស្ងាត់ហើយទុកឲ្យឈ្មួញឈ្មោះ ស្រ៊ុន ផឹងឡាយ ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។
កន្លងមកឈ្មួញមួយចំនួនដែលដឹកជញ្ជូនឈើឆ្លងកាត់ខេត្តត្បូងឃ្មុំ ចេញទៅស្រុកយួនត្រូវប្រឈមនឹងការបង្ក្រាបជាបន្តបន្ទាប់ ក៏ប៉ុន្តែចំពោះលោក ស្រ៊ុន ផឹងឡាយ វិញ ដោយសាមានលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជាខ្នងបង្អែក អាចគេចផុតពីការបង្ក្រាបបានគ្រប់ពេល ៕