សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យស៊ើបអង្កេតឲ្យឡើងវិញ ករណីហិង្សានៃការអនុវត្តសាលដីកា
រឹបអូសដីរបស់ ឧកញ៉ា ស៊ីវ គង់ទ្រីវ និងបានបញ្ជាឲ្យលោក ជា សុផារ៉ា ប្តឹង ទៅ តុលាការ កំពូល ឲ្យនិរករណ៏ សាលដីការ ដើម្បី រឹបអូសដីសម្បទាននោះមកឲ្យគ្រប់គ្រងវិញ មុននឹងយកដីសម្បទាននោះទៅធ្វើជាដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ
នេះបើយោងតាមការលើកឡើងរបស់លោកឈឹម ផលវ រុណ។
ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោកឈឹម ផលវ រុណ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំថា កិច្ចប្រជុំប្រចាំឆមាសនៅព្រឹកថ្ងៃទី២៨ កុម្ភៈ ដែលប្រើពេលរហូតដល់ជាង៦ម៉ោងនោះ
ដើម្បីស្តាប់សេចក្តីរាយការណ៍ដោយផ្ទាល់ពីសមាជិកទាំង១៦គណបក្ស ដែលបានចុះពិនិត្យ និង ស្រាវជ្រាវករណីទំនាស់ដីធ្លី និងបញ្ហាមួយចំនួនទៀតនៅតាមមូលដ្ឋាន ។
បញ្ហាទំនាស់ដីធ្លី នៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៤ ខែមករា កន្លងទៅក្លាយជាប្រធានបទក្តៅសម្រាប់លើកយកមកពិភាក្សានៅក្នុកិច្ចប្រជុំ ដោយមានភ្ជាប់វីដេអូconferenceជាមួយអភិបាលខេត្តទៀតផង ។
លោកឈឹម ផលវរុណ បញ្ជាក់ថា ការចុះអនុវត្តសាលដីកាតុលាការកំពូលរហូតមានអំពើហិង្សា និងមានអ្នករងរបួសបានធ្វើឲ្យសម្តេចតេជោខឹងសម្បាជាខ្លាំង ។
ខឹងសម្បាក៏ព្រោះតែក្នុង ប្រតិបត្តិការនោះមេបញ្ជាការសឹករងខេត្តព្រះសីហនុបានប្រើប្រាស់កម្លាំងយោធាទៅអនុវត្តសាលដីកាដោយខុសពីនីតិវិធីច្បាប់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យស៊ើបអង្កេតឲ្យបានម៉ត់ចត់បំផុតចំពោះករណីហិង្សានៃការអនុវត្តសាលដីកានេះ និងបានបញ្ជាឲ្យរឹបអូសដីសម្បទាននោះមកឲ្យគ្រប់គ្រងវិញ មុននឹងយកដីសម្បទាននោះទៅធ្វើជាដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ។
សម្តេចក៏បានស្នើឱ្យសិក្សាពីការដកតំណែងមេបញ្ជាការយោធា និងអភិបាលរងខេត្តព្រះសីហនុផងដែរ ។
ក្រៅពីបញ្ហាទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ បញ្ហានៃការរំលោភដីធ្លីនៅតំបន់ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី ក៏ត្រូវបានកិច្ចប្រជុំលើកមកពិភាក្សា និងដោះស្រាយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យអភិបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់មិនអនុញាតឲ្យទៅទន្ទ្រានដីនៅភ្នំ ដោះ ក្រមុំនោះឡើយ ដោយត្រូវរឹបអូសយកមកវិញទុកជាសម្បត្តិរដ្ឋ។នៅខេត្តព្រះសីហនុសម្ដេចតេជោបានសម្តែងនូវការមិនពេញចិត្តចំពោះបាតុភាពដែលកើតមានកាលពីថ្ងៃទី២៤ ខែមករាកន្លងទៅចំពោះការអនុវត្តសាលដីកាតុលាការ ។
បញ្ហានេះសម្ដេចតេបានបញ្ជាទៅក្រសួងដែនដីនគរូបនីយកម្មនិងក្រសួងកសិកម្មត្រូវពិនិត្យឡើងវិញអំពីបញ្ហានោះ ហើយសម្រេចរឹបអូសដីដែលជាដីសម្បទានដែលកើតមានមិនប្រក្រតី ក្នុងនោះមានមន្ត្រីមានអំណាចខ្លះលើកដៃទៅក្នុងកិច្ចការនោះ។
សម្ដេចមិនផ្ដល់នូវដីសម្បទានសេដ្ឋកិច្ចទេ ទឹកដីជារបស់រដ្ឋ និងរៀបចំនូវគោលការណ៍ម៉ត់ចត់នូវដីសម្បទានសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ ។
សម្ដេចតេជោបានកំណត់នូវភាពម៉ឺងម៉ាត់មិនឲ្យអាជ្ញាធរមូលដ្ឋានលូកដៃចូលឬក៏កេងយកផលប្រយោជន៍នៅក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋទេ គឺផ្ដល់តែប្រជាពលរដ្ឋទេ ហើយអាជ្ញាធរមិនត្រូវទៅបន្លំកេងយកចំណេញនោះទេ ៕