បាត់ដំបង ៖ លំនៅឋានមួយខ្នង ដែលសង់ឡើងអំពីឈើប្រក់ស័ង្កសី ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ទាំងកណ្តាលអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលបញ្ហានេះគឺបានបង្កឡើងដោយកូនអកតញ្ញូម្នាក់ញៀនថ្នាំរហូតបែកថ្នាំ ហើយបានលើកដៃដុតផ្ទះម្តាយរបស់ខ្លួនឯង ដើម្បីកម្ទេចចោលតែម្តង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។
របាយការណ៍បឋមបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ គឺករណីអគ្គិភ័យនេះ បានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តងទៅលើលំនៅឋានមួយខ្នង ទំហំ ៥x៦ ម៉ែត្រ សង់ឡើងអំពីឈើ ប្រក់ស័ង្កសី បើទោះបីជាមានការខំប្រឹងប្រែងទប់ស្កាត់ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមបង្ការពន្លត់អគ្គិភ័យយ៉ាងណាក៏ដោយក៏ផ្ទះមួយខ្នងនេះ ត្រូវបានឆេះខ្ទេចដល់ដី ប៉ុន្តែគ្រាន់តែមិនមានការរាលដាលដល់ផ្ទះអ្នកដទៃតែប៉ុណ្ណោះ។
បញ្ហានេះគឺបាន បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ យ៉ង់ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ សង្កាត់ កើតហេតុខាងលើ ដែលបានធ្វើសកម្មភាពដុតផ្ទះរបស់ខ្លួនឯង បណ្តាលឆេះអស់ទាំងស្រុង មូលហេតុគឺជនសង្ស័យរូបនេះ បែកថ្នាំ។
ក្រោយពេលកើតហេតុ ករណីអគ្គីភ័យខាងលើ ត្រូវបានកម្លាំងបង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការជួយពន្លត់មិនឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាងឡើយ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោល ដោយឡែកទ្រព្យសម្បត្តិ និងរបស់របរមានតម្លៃ គេនៅមិនទាន់សរុបដឹងនៅឡើយទេ៕ អត្ថបទ៖ កម្ពុជាថ្មី