ដូចដែលប្រិយមិត្តមួយចំនួនបានដឹងរួចមកហេីយ លោក សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួននៅយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីលោកបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។
ហេីយកាលពីម្សិលមិញក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់។
យ៉ាងណាមិញ លោក សុវណ្ណ សុខា ដែលជាឪពុករបស់លោក សុវណ្ណ រិទ្ធី បានបង្ហោះថា “ខ្ញុំបាទសុវណ្ណ សុខា ពិតជាសោកស្តាយណាស់ចំពោះកំហុសឆ្គងរបស់កូនប្រុសរបស់ខ្ញុំ សុវណ្ណ រិទ្ធី ដោយភាពក្មេងខ្ចីចំពោះសំណេរ ធ្វេីអោយមហាជនមានការភ័ណ្ឌច្រឡំចំពោះប្រមុខរដ្ឋាភិបាល ។
ខ្ញុំក្នុងនាមជាឪពុកពិតជាមានកំហុសឆ្គងដែលមិនបានប្រដៅកូនអោយគ្រប់ជ្រុងជ្រោយ ។ ខ្ញុំដឹងថា ចំពោះការអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ តែក្នុងនាមជាឪពុកខ្ញុំបាទសុំការសណ្តោះប្រណីពី សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកឱកាសអោយកូនប្រុសខ្ញុំបាទធ្វេីការកែខ្លួន ខ្ញុំនឹងអប់រំកូនមិនអោយមានកំហុងឆ្គងជាលេីកទី២ទេ ។ ដោយភាពល្ងង់ឃ្លៅក្មេងខ្ចីទេីបបណ្តាលអោយមានកំហុស ដ៏ធ្ងន់ធ្ងរនេះ ។”