ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានហាមមិនឲ្យប្រជាពលរដ្ឋបរិភោគសាច់ជ្រូកឈឺ ឬ ងាប់ដែលពុំដឹងមូលហេតុឡើយព្រោះអាចចម្លងជំងឺឆ្លងផ្សេងៗបាន។
នៅក្នុងគេហទំព័រផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោកវេជ្ជបណ្ឌិតលីសូវ៉ាន់អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានការរាត្បាតជំងឺថ្មីមួយ ដែលមានការឆ្លងខ្លាំងទាំងនៅលើសត្វជ្រូកស្រុក និងជ្រូកព្រៃ ដែលហៅថាជំងឺផ្តាសាយជ្រូកអាហ្វ្រិក នៅប្រទេសមួយចំនួនធំនៅប្រទេសអាហ្វ្រិក និងបានចម្លងមកប្រទេសចិន និងមកប្រទេសវៀតណាមផ្នែកខាងជើង។
លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺនេះមានការឆ្លងខ្លាំងទៅលើសត្វជ្រូក ដែលបណ្តាលឲ្យឈឺនិងងាប់ច្រើនក្តី តែជំងឺនេះមិនបង្កឲ្យមានប៉ះពាល់ដល់សុខភាពមនុស្សឡើយ។ តែទោះយ៉ាងណាក៏ដោយលោកបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋមិនត្រូវបរិភោគសាច់ជ្រូកឈឺឬងាប់ដែលពុំដឹងមូលហេតុឡើយ ព្រោះអាចចម្លងជំងឺឆ្លងផ្សេងៗ។
ចំណែកក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានពង្រឹងការត្រួតពិនិត្យការនាំចូលជ្រូកតាមច្រកព្រំដែនវៀតណាម បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសជិតខាងកម្ពុជាមួយនេះ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វបានប្រាប់វេបសាយក្នុងស្រុកកាលពីពេលថ្មីៗនេះថា បន្ទាប់ពីផ្ទុះឡើងនៃជំងឺនេះនៅភាគខាងជើងប្រទេសវៀតណាម អគ្គនាយកដ្ឋានបានសហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូក ដើម្បីផ្សព្វផ្សាយពីវិធីការពារក្នុងស្រុក ខណៈបញ្ជាទៅកាន់មន្ត្រីត្រួតពិនិត្យទៅលើជ្រូកនាំចូលពីប្រទេសនេះផងដែរ។
លោកបន្ថែមថា បច្ចុប្បន្ន ក្រៅពីទាមទារលិខិតបញ្ជាក់សុខភាពសត្វនាំចូលពីប្រទេសវៀតណាមហើយនោះ មន្ត្រីនៅតាមព្រំដែននឹងពិនិត្យទៅលើសត្វដែលនាំចូលនោះបន្ថែមផងដែរដូចជាមើលលើស្ថានភាពជាក់ស្ដែង តើសត្វហ្នឹងដង្ហក់ ឬ អត់ព្រោះថាធម្មតា ជំងឺហ្នឹងវាក្ដៅធ្វើឲ្យសត្វក្ដៅ ដង្ហក់ និងមានរោគសញ្ញាពណ៌ស្វាយនៅពោះ និងធ្វើតេស្ដឈាមយកមកពិសោធនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន។
លោកបន្ថែមថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ជាជំងឺថ្មីដែលមិនទាន់មានថ្នាំព្យាបាលនោះទេ ដោយវាចម្លងតាមរយៈការទំលើសំលៀកបំពាក់របស់មនុស្ស និងសាច់សត្វជ្រូក ហើយប្រសិនជាវាឆ្លងដល់កសិដ្ឋានណាហើយ ជ្រូកក្នុងកសិដ្ឋាននោះនឹងឆ្លងងាប់ស្ទើរតែទាំងអស់ ដែលធ្វើឲ្យអ្នកចិញ្ចឹមខាតបង់ជាខ្លាំង។
លោក តាន់ ផាន់ណារ៉ាបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជានាំចូលជ្រូកចន្លោះពី ១៥០០ ដល់ ២០០០ក្បាលពីប្រទេសវៀតណាម។
គួរបញ្ជាក់ថា ក្រោយផ្ទុះជំងឺនេះ អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO បានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកដែលកើតឡើងនៅចិន អាចរីករាលដាលដល់ប្រទេសផ្សេងទៀតនៅតំបន់អាស៊ី។ អង្គការនេះ ក៏បានឲ្យដឹងដែរថា មេរោគនេះធន់ខ្លាំង ហើយអាចរស់នៅបានយូរ ពោលគឺវាអាចស៊ាំនឹងអាកាសធាតុក្តៅខ្លាំង ត្រជាក់ខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចរស់នៅបានក្នុងផលិតផលសាច់ជ្រូកក្រៀមផងដែរ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បានផ្ទុះខ្លាំងកាលពីទសវត្សឆ្នាំ១៩៦០នៅអឺរ៉ុប និងអាមេរិក។ ដោយសារតែមានប្រវត្តិនៃការផ្ទុះ និងការសាយភាយនៅតំបន់ផ្សេងៗគ្នាបែបនេះ ទើបអង្គការស្បៀងអាហារ និងកសិកម្ម យល់ថា ជំងឺនេះអាចរីករាលដាលដល់ប្រទេសជិតខាង ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឧបទ្វីបកូរ៉េ ព្រោះប្រទេសក្នុងតំបន់ទាំងនេះមានតម្រូវការសាច់ជ្រូកខ្ពស់៕ ប្រភព៖ កម្ពុជាថ្មី