មន្ត្រីនគរបាលជាប់កិច្ចសន្យា៥នាក់ កំពុងកើតទុក្ខមិនសុខចិត្ត រឿងចាញ់បោកលោកឧត្ដមសេនីយ៍ត្រី ម្នាក់ដែលបានយកលុយពីពួកគាត់ ក្នុងម្នាក់ៗអស់ចាប់ពី៤០០$ដល់១,៥០០$ សរុបទាំង៥នាក់ អស់៥,៤០០$ ជាថ្នូរនិងរត់ឈ្មោះចូលក្របខ័ណ្ឌ នគរបាលជាតិ។
ដោយតម្រូវឲ្យពួកគេបំរើការងារ អស់រយៈពេលជិត២ឆ្នាំ ដោយមិនមានប្រាក់ខែ រីឯឈ្មោះនៅក្នុងក្របខ័ណ្ឌ ក៏អត់មានទៅទៀត ធ្វើឲ្យពួកគេភ្ញាក់ខ្លួនដឹងថា ចាញ់បោកលោកឧត្ដមសេនីយ៍ ហើយ។
យោងតាមសេចក្ដីរាយការណ៍មក ដើមរាំង បានឲ្យដឹងថា ៖ មន្រ្តីជាប់កិច្ចសន្យាទាំងមាន5នាក់ខាងលើរួមមាន៖ ទី1ឈ្មោះ លី ស៊ីដា ភេទប្រុស ទី2ឈ្មោះ ភូន រ៉ាមី ភេទប្រុស ទី3ឈ្មោះ ផា ម៉ុងលីកា ភេទប្រុស ទី4ឈ្មោះ ផល ច័ន្ទរស្មី ភេទប្រុស ទី5ឈ្មោះ ផល ច័ន្ទដាលីន ភេទស្រី។ អ្នកទាំង៥នាក់ ជាមន្ត្រីជាប់កិច្ចសន្យាខ្យល់ នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង។
ប្រភពដដែលបញ្ជាក់ថា ពួកខ្លួនពិតជាចាញ់បោក លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន អតីត នាយកសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង។ដែលបច្ចុប្បន្នត្រូវបានគេផ្លាស់ទៅ បម្រើការងារ នៅសាលាបណ្ឌិតសភានគរបាល។ទន្ទឹមនិងនោះ លោក លី ស៊ីដា ក្នុងចំណោមអ្នកទាំង៥ខាងលើ បានលើឡើងថា ដើមចមដំបូងកាលពីអំឡុងឆ្នាំ2017 លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន បានហៅពួកខ្លួនទាំង5នាក់ អោយចូលបម្រើការងារ ជានគរបាល ជាប់កិច្ចសន្យា នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង។ដោយធានាថា ខ្លួននិងរត់ការឲ្យអ្នកទាំង៥នាក់ ជាប់ក្របខ័ណ្ឌជានគរបាលជាតិ ដោយស្វ័យប្រវត្ត!និងត្រូវខិតខំធ្វើការផង។
ពេលនោះលោកឧត្ដមសេនីយ៍បានទារប្រាក់ពីពួកខ្លួនអស់ក្នុងម្នាក់ៗចាប់ពី៤០០$ទៅ១,៥០០$។
ក្នុងនោះ ៖ លោក លី ស៊ីដា អស់400$ លោក ភុន រ៉ាមី 500$ លោក ផា ម៉ុងលីកា1,500$ លោក ផល ច័ន្ទរស្មី1,500$ កញ្ញា ផល ច័ន្ទដាលីន បង់អស់1,500$ ជាថ្នូរនិងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។
ប្រភពដដែលបន្តថា ក្រោយពេលប្រគល់លុយឲ្យលោក ហេង ប៊ុន នៅអំឡុងឆ្នាំ២០១៧ នោះមក ពួកខ្លួនក៏នៅបម្រើការងារ នៅសាលានគរបាលភូមិភាគ១ ខេត្តស្ទឹងត្រែង ទៅតាមការបញ្ជារបស់គាត់រហូត។ប៉ុន្តែមិនទទួលបានប្រាក់ខែទេ ព្រោះគិតថា ខ្លួននៅជានគរបាលជាប់កិច្ចសន្យា។
លុះដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានការប្រឡងចូលក្របខ័ណ្ឌនគរបាលជាតិ នៅសាលានគរបាលភូមិភាគ១។
ស្រាប់តែគេមានឈ្មោះចូលប្រលងព្រោងព្រាត ដោយឡែក ឈ្មោះពួកខ្លួនទាំង៥នាក់ គឺមិនមាននៅក្នុងបញ្ជីប្រលងទេ ទើបដឹងថាចាញ់បោកហើយ។
បន្ទាប់មកពួកគាត់បានទាក់ទៅលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ម្ដងជាពីរដង ដើម្បីទាមទារយកលុយវិញ ប៉ុន្តែលោកឧត្ដមសេនីយ៍ បានគេចវេះមិនឆ្លើយតបឡើយ។ទោះជាយ៉ាងណា ករណីនេះអ្នកទាំង៥នាក់ គ្រោងនឹងប្ដឹងទៅស្នងការនគរបាលខេត្តស្ទឹងត្រែង នាពេលឆាប់ខាងមុខ។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុន ដែលរងការចោទប្រកាន់ខាងលើ ដើមរាំងមិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២១,០២,២០១៩នេះ ព្រោះទូរស័ព្ទរបស់លោកខលចូលហើយគ្មានអ្នកទទួល៕