(ភ្នំពេញ)៖ ជាការពិតនាអំឡុងពេលជិត ២ខែ ដើមឆ្នាំ២០១៩នេះ គឺមានករណីនៃរឿងរ៉ាវដ៏រសើប និងចាប់អារម្មណ៍ថ្មីៗមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងតាមរយៈការចុះផ្សាយ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុករបស់ខ្មែរមួយចំនួន។ជាក់ស្តែងដូចជារឿងរ៉ាវរបស់ចំប៉ីខ្មៅ និងបច្ចុប្បន្នកំពុងល្បីរន្ទឺសត្វឆ្កែ ឬឆ្មាខាំ បណ្តាលឲ្យមនុស្សស្លាប់ និងឆ្កួតជាដើម….។ ដោយសារតែមានករណីរឿងហេតុសង្គមកើតមានឡើងជាបន្តបន្ទាប់នេះ បានធ្វើឲ្យមហាជនមួយចំនួនយល់ឃើញ និងចាត់ទុកថា ឆ្នាំ២០១៩នេះគឺជាឆ្នាំមួយ ដែលបានបំបែកប្រវត្តិសាស្រ្តនូវរឿងរ៉ាវសង្គមជាច្រើន។
ប៉ុន្តែក្នុងនោះក៏មានមហាជនខ្លះទៀតបានធ្វើការរិះគន់ផងដែរ លើករណីដែលកើតឡើងមួយចំនួន ដោយពួកគាត់ចាត់ទុកថា ជារឿងអត់ប្រយោជន៍។ ស្របពេលជាមួយគ្នានេះដែរ បើចាប់អារម្មណ៍មកមើលតារាចម្រៀងម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផាតនិត ឯណ្ណោះវិញ មុននេះលោកបានធ្វើការសរសេរបង្ហោះសារភ្ជាប់ជាមួយទស្សនៈរិះគន់ និងបង្ហាញការមិនសប្បាយចិត្ត ដោយលើកប្រៀបធៀបនូវទង្វើរល្អៗរបស់ខ្លួនក្នុងការជួយសង្គមជាច្រើន ទៅនឹងរឿងរ៉ាវដែលកំពុងកើតមាននៅសង្គមខ្មែរបច្ចុប្បន្ន។
លោក សាន ផានិត បានលើកឡើងថា អារឿងអត់ប្រយោជន៍ខ្លះ វាល្បីម្លេះ! មួយទៀតកាលពីជំនាន់ខ្ញុំអត់លុយជិះម៉ូតូឌុប ៦ឆ្នាំមុន ល្បីណាស់ តែអាពេលខ្ញុំខំរស់មានជីវិតថ្មី ខំចែករំលែកដល់អ្នកក្រខ្សត់វិញ ម្តេចបានមិនល្បីដើម្បីជាគំរូដល់សង្គមខ្លះវិញម្តង?
សូមបញ្ជាក់ថា ការបញ្ចេញទស្សនៈរបស់តារាចម្រៀងលោកសានផានិតនេះ បានធ្វើឡើង ខណៈពេលដែលមានការបង្ហោះរៀបរាប់នូវប្រធានបទព័ត៌មានចំនួន ១៤ ដែលបានធ្វើឲ្យកក្រើកមហាជននាដើមឆ្នាំ២០១៩នេះ។ បើផ្អែកតាមការបង្ហោះនោះបានធ្វើការបញ្ជាក់ចំណងជើងអត្ថបទនីមួយៗពាក់ព័ន្ធនឹងរឿងរ៉ាវ ដែលបានផ្ទុះឡើងថា ១ Depression , ២ 10 years Challeng , ៣ នី រតនា, ៤ Diss Track, ៥ មីល្ពៅ, ៦ ចំប៉ីខ្មៅ, ៧ អេម, ៨ ប្រពន្ធដើម ប្រពន្ធចុង, ៩ 6k Challenge ថតដោះ, ១០ ឆ្កែ ឆា្ម ខាំឆ្កួត, ១១ ឆ្កែជិះPassApp (ករណីពិសេស), ១២ សង្ឃCute, ១៣ គ្រូចិនប្រកាសរកប្រពន្ធមេម៉ាយកូន១ និង ១៤ បាញ់ជីងចក់លើម៉ូតូ Zoomer ជាដើម។
ថ្វីត្បិតតែយ៉ាងណាក្តីភ្លាមៗនៃការរិះគន់របស់លោក សាន ផានិត ជាមួយអារម្មណ៍មិនសប្បាយចិត្តយ៉ាងនេះក៏ពិតមែន ក៏មានអ្នកគាំទ្រមួយចំនួនទៀតបានលើកឡើងថា កុំខ្វល់បងប្រុស អ្វីដែលបងធ្វើក្នុងបច្ចុប្បន្ននិងអនាគត គឺពិតជាត្រឹមត្រូវហើយបង កុំខ្វល់ពីអតីតកាល អ្វីដែលបងដើរខុសពីមុន គឺគ្រាន់តែមួយចំរៀកតូចប៉ុណ្ណោះ៕ ប្រភព៖ Freshnews