(បន្ទាយមានជ័យ)៖ សំណង់ល្មើសច្បាប់ និងរំលោភដីរបស់រដ្ឋនៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត របស់លោកឧកញ៉ា កុក អាន ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើលោកផ្តល់កិច្ចសហការដើម្បីរុះរើសំណង់ផ្សេងៗចេញពីបរិវេណដីស្ថានីយ៍រថភ្លើង ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពសោះ។
លោកឧកញ៉ា កុក អាន ម្ចាស់ក្រុមហ៊ុនកាស៊ីណូន អានកូ មិនព្រមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ។
យោងតាមលិខិត លេខ១០០៨ សហវ/អដផ ចុះថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ របស់លោក ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាអិការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ បានគោរពជម្រាបជូនលោកឧកញ៉ា កុក អាន អគ្គនាយកក្រុមហ៊ុនអានកូ ដោយស្នើរសុំផ្តល់កិច្ចសហការរុះរើសំណង់ផ្សេងៗចេញពីបរិវេណដីស្ថានីយ៍រថភ្លើងប៉ោយប៉ែត ស្របតាមការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លិខិតខាងលើ បានរៀបរាប់ថា «ផ្អែកតាមចំណារសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតជោ ហ៊ុន សែន ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ ស្នើសុំលោកឧកញ៉ា កុក អាន ចាត់ចែងរុះរើសំណង់ផ្សេងៗចេញពីបរិវេណដីស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំសាងសង់ជាកន្លែងចំណតរថយន្ត ,កន្លែងដាក់ទូរកុងតឺន៍រផ្ទេរទំនិញ និងសួនច្បារបានតាមផែនការដាក់ឱ្យដំណើរការជាផ្លូវការទីតាំងស្ថានីយ៍នេះជាស្ថានីយ៍អន្តរជាតិ»។
អាជ្ញាធរក្រុងប៉ោយប៉ែត បានបង្ហើបប្រាប់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា «ទោះបីមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលិខិតពីទីស្តីការគណ:រដ្ឋមន្ត្រីព្រមទាំងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាណាក្តីលោកឧកញ៉ា កុក អាន មិនអនុវត្តន៍តាមឡើយ»៕ (Swift News)