ភ្នំពេញ៖ វាជារឿងមួយដែលគួរឲ្យចង់សើច បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាល ខណ្ឌមានជ័យ ចុះឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ និងដកហូតបានវត្ថុតាងជាក់ស្តែងរួមមាន តុ កៅអី រួមនិងសម្ភារៈកត់កន្ទុយលេខមួយចំនួនហើយបានត្រឹមតែយកមកសាកសួរ និងអប់រំណែនាំ

នៅប៉ុស្តិ៍បឹងទំពុន២ មិនព្រមកសាងសុំណុំរឿង ចាត់ការតាមច្បាប់ ក្រោយពីទទួលបានព័ត៌មានថា មានមេខ្លោងធំកត់ឆ្នោត វៀតណាមយីហោ៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ បានបញ្ជាកូនចៅឲ្ យអុកឡុកកាង នៅតាម ទីតាំងកត់ឆ្នោតណា ដែលមិនបានកត់ឆ្នោតឲ្យខ្លួន ។

ប៉ុន្តែជំនាន់លោក តេង លីណូ អធិការខណ្ឌចាស់ដែល ទើបនិងចូលនិវត្តន៍ថ្មីៗនេះ កន្លងមកឲ្យតែសមត្ថកិច្ចបង្ក្រាប ទីតាំងកត់កន្ទុយលេខ ដ៏តូចមួយក៏ដោយ ត្រូវតែកសាងសុំណុំ រឿងចាត់ការបន្តតាមច្បាប់នេះប្រហែលជាលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យថ្មី ខ្លាចអំណាចរបស់ មេឆ្នោតវៀតណាមយីហោ៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ នេះហើយមើលទៅ ឬក៏បានលាភសក្ការៈពីក្រុមមេឆ្នោតទាំងនោះ ក៏ថាបាន ដែលផ្ទុយពីគោល នយោបាយរាជរដ្ឋាភិបាល លើយន្តការអនុវត្តគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃ​ចន្ទ ១៤កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោយរោងចក្រស៊ីឡាំងហួរ តាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីតាំងកើតហេតុខាងលើ បាន​ឲ្យដឹងថា មេខ្លោងធំដែលមានឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ ខាងលើ (ក្នុងរូបភាព ៖ ស្លៀកខោខ្លី ពាក់ស្បែកជើងផ្ទាត់ និងពាក់អាវសយឺតដៃខ្លី)

តែងតែបញ្ជាឲ្យបក្ខពួកកូនចៅរបស់ខ្លួន មានទាំងប្រុសទាំងស្រី ដើរអុកឡុកកាងនៅតាមទីតាំងកក់ឆ្នោតនានា ដែលមិនបានកត់ឆ្នោតវៀតណាមឲ្យខ្លួនជាប្រចាំ ទោះទីតាំងទាំងនោះកត់ឆ្នោតស្របច្បាប់ក៏ដោយ ប៉ុន្តែបើទីតាំងណាដែលព្រមកត់ឆ្នោតឲ្យខ្លួននោះ គឺពួកគេមិនទៅអុកឡុកឬបង្ករឿងនោះឡើយ ។

តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ ពេលដែលសមត្ថកិច្ច ចុះនាំខ្លួនមនុស្សទាំងប្រុសស្រីទាំង៧នាក់ខាងលើ សមត្ថកិច្ចមិនបានធ្វើការនាំខ្លួនបុរស ដែលមានងារជាឧកញ៉ា ពន្លឺ ដែលជាមេឆ្នោតវៀតណាមយីហោ៩៩ ដ៏ធំនៅក្នុងរាជធានីភ្នំពេញនោះទេ ទោះបីជាបុគ្គលដែលមានងារជាឧកញ៉ា ពន្លឺ នេះនៅឈរត្រង់ចំណុចកើតហេតុពេលដែលសមត្ថកិច្ចចុះទៅក៏ដោយ។

ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបាន តុ កៅអី និងសម្ភារៈកត់ឆ្នោតមួយចំនួនធំទៀតផង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំណែនាំ ជាលាយលក្ខណ៍អក្សរ ដើម្បីឲ្យបញ្ឈប់ការកត់ឆ្នោតវៀតណាមខុសច្បាប់ខាងលើនេះបន្តទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋបានកើតមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំង៧នាក់នេះបានយកមកសាកសួរហើយបែរជាសមត្ថកិច្ចទទួលបទបញ្ជាពីថ្នាក់លើ ធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញ ទាំងដែលបក្ខពួកកូនចៅរបស់លោក ឧកញ៉ា ពន្លឺ នេះ តែងតែបង្កការអុកឡុក កាងគ្រប់ទីតាំងដូចមានតែឯង ។

គួរបញ្ជាក់ផងដែរថា កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងលួចបើកបង្កប់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។គម្រោងនៃការ មានវិធានការនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែល កន្លែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)មួយចំនួនបានបំ​ភ័ន្ត​ភ្នែកសមត្ថកិច្ច ដោយដាក់យីហោកត់ឆ្នោតជាតិ(ខ្មែរ)តែកត់ឆ្នោតវៀតណាមទៅវិញ ។

ការមានវិធានការបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក ជាមួយអាជ្ញាធរខណ្ឌទាំង១២ និង​ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដូចជា​តំណាង ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ជាដើម នៅសាលា​រាជធានីភ្នំពេញ ដើម្បីពិភាក្សារកវិធានការដើម្បីលុបបំបាត់ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។

បច្ចុប្បន្នប្រជាពលរដ្ឋកំពុងងឿងឆ្ងល់ រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាប មាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិន បង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែង មាន ខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើប ធ្វើមិនដឹង ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕