ថ្ងៃនេះផងដែរ ប្រភពព័ត៌មានពីសាលាដំបូងបានអោយដឹងថា លោកចៅក្រមពេជ្រ វិជ្ជាធរ ជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានបង្គាប់អោយអនុរក្សពន្ធនាគារបញ្ជូនជនជាប់ចោទឈ្មោះ យិន ហេង ហៅ(ចំប៉ីខ្មៅ) មកសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្តងទៀត ដើម្បីធ្វើការសាកសួរលំអិតថែមទៀត ។
ជនជាប់ចោទឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៩។ក្នុងនោះក្រោយធ្វើការសាកសួរ លោកលី សុផាណា ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់ឈ្មោះយិន ហេង ហៅចំប៉ីខ្មៅ ពីបទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅព្រលប់ថ្ងៃទី០៦កុម្ភៈ
ដោយមិនទាន់បានសាកសួរលំអិតនៅឡើយទេ ទើបចៅក្រមសម្រេចអោយនាំជនជាប់ចោទមកតុលាការនៅថ្ងៃទី ១៥កុម្ភៈដើម្បីសាកសួរបន្ថែម។មកដល់ម៉ោងនេះ ចៅក្រម ឈ្មោះ ពេជ្រ វិជ្ជាធរ ជាចៅក្រមស៊ើបសួរ កំពុងសួរយកចម្លើយលំអិតពី យិន ហេង ហៅចំប៉ីខ្មៅ ពាក់ព័ន្ធសំណុំរឿងញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។ចំប៉ីខ្មៅ ត្រូវបានបំពាក់ឯកសណ្ឋានអ្នកទោសពណ៌ ស្លាទុំ ដៃជាប់ខ្នោះយ៉ាងសង្ហារ។ អ្វីជាទីចាប់អារម្មណ៍នាពេលនេះ ចំប៉ីខ្មៅ លែងញញឹមដូចមុនទៀតហើយ៕